ភ្នំពេញ៖ ក្រសួងធនធានទឹក និងឧតុនិយម បានចេញសេចក្ដីជូនដំណឹងអាកាសធាតុថ្មីៗ សម្រាប់ថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៦ ដោយដាស់តឿនពីឥទ្ធិពលរបបខ្យល់មូសុងឦសានដែលកំពុងបក់លើតំបន់សមុទ្រចិនខាងត្បូង អាងទន្លេមេគង្គ និងសមុទ្រកម្ពុជា។

សេចក្ដីជូនដំណឹងនេះបង្ហាញថា ស្ថានភាពអាកាសធាតុនឹងបន្តរហូតដល់ថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៦ ដោយមានលក្ខណៈពិសេសដូចខាងក្រោម៖
១. តំបន់វាលទំនាប
សីតុណ្ហភាពនឹងមានពី ២៤°C ដល់ ៣៦°C ដោយមានខ្យល់បក់មកពីទិសឦសាន និងទិសបូព៌ ល្បឿនមធ្យម ២ម៉ែត្រវិនាទី។ ខេត្តដែលស្ថិតក្នុងតំបន់នេះរួមមាន៖ បន្ទាយមានជ័យ ពោធិ៍សាត់ បាត់ដំបង សៀមរាប កំពង់ឆ្នាំង កំពង់ធំ កំពង់ចាម តាកែវ ត្បូងឃ្មុំ ស្វាយរៀង ព្រៃវែង កណ្តាល និងភ្នំពេញ។ ទាំងអស់ពុំមានភ្លៀងធ្លាក់ទេ។

២. តំបន់ខ្ពង់រាប
សីតុណ្ហភាពនឹងមានពី ២៣°C ដល់ ៣៥°C ដោយមានខ្យល់បក់មកពីទិសឧត្តរ និងទិសឦសាន ល្បឿនមធ្យម ៣ម៉ែត្រវិនាទី។ ខេត្តនៅតំបន់នេះរួមមាន៖ ឧត្តរមានជ័យ ប៉ៃលិន កំពង់ស្ពឺ រតនគិរី ក្រចេះ ស្ទឹងត្រែង មណ្ឌលគិរី ព្រះវិហារ ជួរភ្នំដងរែក និងតំបន់ជួរភ្នំក្រវាញ។ គ្មានភ្លៀងធ្លាក់ដែរ។
៣. តំបន់មាត់សមុទ្រ
សីតុណ្ហភាពនឹងមានពី ២៤°C ដល់ ៣៥°C ដោយមានខ្យល់បក់មកពីទិសនិរតី និងទិសអាគ្នេយ៍ ល្បឿនមធ្យម ២ម៉ែត្រវិនាទី។ ខេត្តកោះកុង ព្រះសីហនុ កំពត កែប និងជួរភ្នំបូកគោ ក៏ពុំមានភ្លៀងធ្លាក់ដែរ។ រលកសមុទ្រនឹងមានកម្ពស់ពី ០,៥០ម៉ែត្រ ដល់ ១,០០ម៉ែត្រ។

ក្រសួងធនធានទឹក និងឧតុនិយម បានផ្តល់អនុសាសន៍ឱ្យប្រជាពលរដ្ឋថែរក្សាសុខភាព និងជៀសវាងការនៅក្រោមពន្លឺថ្ងៃយូរពេក ដោយសារសីតុណ្ហភាពខ្ពស់។
ដោយ៖ តារា
