ក្រសួងការងារជួបសហជីព ១៥២ នាក់ ពិភាក្សាដោះស្រាយបញ្ហាកម្មករ និងផ្តល់ប្រាក់សោហ៊ុយធ្វើដំណើរបន្ថែម ២.៥០ ដុល្លារ

ក្រសួងការងារជួបសហជីព ១៥២ នាក់ ពិភាក្សាដោះស្រាយបញ្ហាកម្មករ និងផ្តល់ប្រាក់សោហ៊ុយធ្វើដំណើរបន្ថែម ២.៥០ ដុល្លារ

ភ្នំពេញ៖ លោក ងុយ រិទ្ធ រដ្ឋលេខាធិការក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានជួបសំណេះសំណាលជាមួយប្រធានសហព័ន្ធសហជីពចំនួន ១៥២ នាក់ នាព្រឹកថ្ងៃទី២៧ មីនា ២០២៦ នៅទីស្តីការក្រសួង ដើម្បីពង្រឹងកិច្ចសន្ទនាសង្គម និងទំនាក់ទំនងវិជ្ជាជីវៈ។

កិច្ចប្រជុំក្រសួងការងារជាមួយសហជីព

កិច្ចប្រជុំនេះផ្តោតលើការពិភាក្សាអំពីការវិវត្តថ្មីៗក្នុងវិស័យការងារ ស្ថានភាពនៅតាមសហគ្រាស ក្រុមហ៊ុន និងរោងចក្រ ព្រមទាំងស្វែងរកដំណោះស្រាយបញ្ហាប្រឈមផ្សេងៗ ដើម្បីឆ្លើយតបទាន់ពេលវេលាចំពោះកម្មករនិយោជិត និងនិយោជក។

ការពិភាក្សារវាងមន្ត្រីក្រសួងនិងសហជីព

លោករដ្ឋលេខាធិការបានអំពាវនាវឱ្យភាគីពាក់ព័ន្ធទាំងអស់មានការយោគយល់ និងអត់ធ្មត់ខ្ពស់ចំពោះស្ថានភាពលំបាកដែលបណ្តាលមកពីវិបត្តិប្រេងឥន្ធនៈឡើងថ្លៃជាសកល ជាពិសេសម្ចាស់រថយន្តដឹកកម្មករ ម្ចាស់ផ្ទះជួល និងអ្នកលក់ម្ហូបអាហារ។

កិច្ចសន្ទនារវាងភាគី

លោកបានជំរុញឱ្យថ្នាក់ដឹកនាំសហព័ន្ធសហជីពបន្តសហការជិតស្និទ្ធជាមួយក្រសួង និងមន្ទីរការងាររាជធានី-ខេត្ត ដើម្បីបង្កើនភាពជឿជាក់លើយន្តការដោះស្រាយ និងជៀសវាងការតវ៉ាក្នុងរូបភាពបាតុកម្មឬកូដកម្ម។

កិច្ចប្រជុំសំខាន់

នាឱកាសនោះ លោកបានផ្តាំផ្ញើឱ្យប្រធានសហព័ន្ធសហជីពយកចិត្តទុកដាក់ពង្រឹងទំនាក់ទំនងជាមួយសហជីពមូលដ្ឋាន ពង្រឹងសមត្ថភាពយល់ដឹងពីច្បាប់ និងនីតិវិធីនានា។ ក្នុងឱកាសឆ្នាំថ្មីខ្មែរ សូមជួយសម្របសម្រួលដល់កម្មករនិយោជិតឱ្យបានឈប់សម្រាកទៅលេងស្រុកកំណើត។

ជាការឆ្លើយតប ប្រធានសហព័ន្ធសហជីពទាំងអស់បានសម្ដែងនូវការប្តេជ្ញាចិត្តក្នុងការបន្តភាពជាដៃគូជាមួយក្រសួង និងថ្លែងអំណរគុណចំពោះរាជរដ្ឋាភិបាលដែលតែងគិតគូរពីសុខទុក្ខកម្មករ។

ជាក់ស្តែង ក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមាបានសម្រេចតម្រូវឱ្យនិយោជកបន្ថែមប្រាក់សោហ៊ុយធ្វើដំណើរបណ្តោះអាសន្នចំនួន ២,៥០ ដុល្លារអាមេរិកក្នុងមួយខែ ជូនកម្មករនិយោជិត ដើម្បីជួយសម្រាលបន្ទុកក្នុងអំឡុងពេលមានវិបត្តិប្រេងឥន្ធនៈ។

ដោយ៖ តារា

administrator

Related Articles