ភ្នំពេញ៖ ក្រសួងសាធារណការ និងដឹកជញ្ជូន បានអនុវត្តប្រព័ន្ធស្វ័យប្រវត្តិកម្មទំនើបចំនួន ៥ប្រភេទ ដើម្បីផ្តល់សេវាដល់ប្រជាពលរដ្ឋកាន់តែមានប្រសិទ្ធភាព និងងាយស្រួលជាងមុន។

លោក ផន រឹម អ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូន បានបញ្ជាក់នៅថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៦ ថា ប្រព័ន្ធស្វ័យប្រវត្តិកម្មទាំងនេះកំពុងដំណើរការយ៉ាងស្វាហាប់ ដើម្បីអនុវត្តគោលការណ៍ «សេវារដ្ឋ ដើម្បីប្រព័ន្ធ»។
ប្រព័ន្ធស្វ័យប្រវត្តិកម្មទាំង ៥ប្រភេទរួមមាន៖
១. ប្រព័ន្ធស្វ័យប្រវត្តិកម្មគ្រប់គ្រងការចុះបញ្ជីយានយន្ត
២. ប្រព័ន្ធស្វ័យប្រវត្តិកម្មដាក់ពាក្យប្រឡងយកបណ្ណបើកបរ
៣. ប្រព័ន្ធស្វ័យប្រវត្តិកម្មត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានយន្ត (ឆៀក)
៤. ប្រព័ន្ធស្វ័យប្រវត្តិកម្មលេខពិសេសផ្ទាល់ខ្លួនសម្រាប់យានយន្តគ្រប់ប្រភេទ
៥. ប្រព័ន្ធស្វ័យប្រវត្តិកម្មស្នើសុំលិខិតអនុញ្ញាតធ្វើអាជីវកម្មដឹកជញ្ជូន

លោក ផន រឹម បានពន្យល់បន្ថែមថា៖ «ប្រព័ន្ធទាំងនេះនឹងជួយសម្រួលដល់ប្រជាពលរដ្ឋក្នុងការទទួលបានសេវាកម្មពីក្រសួងយ៉ាងរហ័ស និងងាយស្រួល។ យើងប្រឹងប្រែងផ្តល់សេវាដល់បងប្អូនប្រជាពលរដ្ឋដោយស្មោះត្រង់ និងមានប្រសិទ្ធភាព។»
ការអនុវត្តប្រព័ន្ធស្វ័យប្រវត្តិកម្មនេះ គឺជាផ្នែកមួយនៃការកែទម្រង់រដ្ឋបាលសាធារណៈ ដើម្បីបង្កើនប្រសិទ្ធភាពការងារ និងកាត់បន្ថយពេលវេលាសម្រាប់ប្រជាពលរដ្ឋក្នុងការទទួលបានសេវាកម្មពីក្រសួង។
ដោយ៖ សិលា
