ភ្នំពេញ៖ លោកសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានដឹកនាំកិច្ចប្រជុំប្រចាំខែមីនា ដើម្បីពិនិត្យវឌ្ឍនភាពការងារ និងលើកទិសដៅបន្ត ដោយជំរុញឱ្យយកចិត្តទុកដាក់ខ្ពស់ក្នុងការបម្រើសេវាសុខាភិបាលនៅតាមមូលដ្ឋាន ក្នុងរយៈពេលពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ។

កិច្ចប្រជុំនេះមានការចូលរួមពីរដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ ទីប្រឹក្សា អគ្គនាយក អគ្គនាយករង និងគ្រប់ប្រធានអង្គភាពថ្នាក់កណ្តាល ក្រោមឱវាទក្រសួងសុខាភិបាល ប្រធានមន្ទីរសុខាភិបាលរាជធានីភ្នំពេញ និងតាមប្រព័ន្ធ Zoom ប្រធានមន្ទីរសុខាភិបាលខេត្ត។ កិច្ចប្រជុំប្រព្រឹត្តទៅរសៀលថ្ងៃព្រហស្បតិ៍ ៨កើត ខែចេត្រ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៦ នៅទីស្ដីការក្រសួង។

ក្នុងឱកាសនេះ លោកសាស្រ្តាចារ្យរដ្ឋមន្រ្តីបានផ្តល់អនុសាសន៍ និងណែនាំសំខាន់ៗមួយចំនួនដើម្បីបន្តពង្រឹងប្រសិទ្ធភាពការងារ និងគុណភាពសេវានៅតាមមូលដ្ឋាន។ ក្នុងនោះរួមមាន៖
• តាមមូលដ្ឋានសុខាភិបាលទាំងអស់ត្រូវយកចិត្តទុកដាក់ និងត្រៀមខ្លួនឱ្យបានល្អក្នុងការបម្រើសេវាជូនប្រជាពលរដ្ឋក្នុងកំឡុងពេលបុណ្យចូលឆ្នាំ
• ពិនិត្យឱសថ បរិក្ខារពេទ្យ ធានាឱ្យមានគ្រប់គ្រាន់សម្រាប់ប្រើប្រាស់នៅតាមមូលដ្ឋាន
• ឃ្លាំងឱសថកណ្តាលត្រូវរៀបចំផែនការបែងចែកឱសថទៅតាមមូលដ្ឋានឱ្យបានសមស្រប និងឆាប់រហ័ស

• មន្ទីរសុខាភិបាលនៅតាមខេត្តជាប់ព្រំដែនត្រូវបន្តយកចិត្តទុកដាក់លើការថែទាំសុខភាពជូនប្រជាជន និងវីរកងទ័ព
• ពង្រឹងការប្រើប្រាស់រថយន្តគិលានសង្រ្គោះ និងក្រមសីលធម៌វិជ្ជាជីវៈខ្ពស់
• ពិនិត្យការប្រើប្រាស់ប័ណ្ណប.ស.ស.ប្រកបដោយសមធម៌

លោកសាស្រ្តាចារ្យរដ្ឋមន្រ្តីក៏បានណែនាំឱ្យមន្រ្តីសុខាភិបាលទាំងអស់បន្តយកចិត្តទុកដាក់លើការងារទំនាក់ទំនងជាមួយអ្នកជំងឺ ដោយប្រើពាក្យសម្ពី និងកាយវិការសមរម្យ ប្រកបដោយសុជីវធម៌ គុណធម៌ សមធម៌ និងបង្កើនភាពជិតស្និទ្ធ។

បន្ថែមពីនេះ កិច្ចប្រជុំក៏បានពិនិត្យវិធានការសន្សំសំចៃលើការប្រើប្រាស់ប្រេងឥន្ទនៈ និងអគ្គិសនី ព្រមទាំងការរៀបចំរបាយការណ៍ដោយមានការប្រៀបធៀបក្នុងរយៈពេល៣ឆ្នាំ ដើម្បីអាចមើលឃើញនូវលទ្ធផល និងអាចវាស់វែងបាន។

ដោយ៖ តារា
