ខេត្តស្វាយរៀង៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានធ្វើជាអធិបតីក្នុងពិធីសម្ពោធដាក់ឱ្យដំណើរការជាផ្លូវការរោងចក្រប្រព្រឹត្តកម្មទឹកស្អាតអណ្តូងតាសី និងបើកការដ្ឋានសាងសង់គម្រោងពង្រីកហេដ្ឋារចនាសម្ព័ន្ធទឹកស្អាតបន្ថែមសម្រាប់ខេត្ត៥ នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី២៦ ខែមីនា ឆ្នាំ២០២៦។

សម្ដេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងអំណរគុណដល់រដ្ឋាភិបាល និងប្រជាជនជប៉ុន ដែលបានផ្តល់ជំនួយហិរញ្ញប្បទានឥតសំណងតាមរយៈទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន (JICA) ជាមួយទុនវិនិយោគសរុបប្រមាណ ៣០,៦ លានដុល្លារអាមេរិក។

រោងចក្រថ្មីនេះមានសមត្ថភាពផលិតទឹកស្អាត ៦.៨០០ ម៉ែត្រគូបក្នុងមួយថ្ងៃ ដែលបង្កើនសមត្ថភាពផលិតរបស់រដ្ឋាករទឹកស្វាយរៀងដល់ ២២.៦០០ ម៉ែត្រគូបក្នុងមួយថ្ងៃ។ គម្រោងនេះនឹងពង្រីកបណ្តាញចែកចាយទឹកស្អាតប្រវែង ១១០ គីឡូម៉ែត្រ និងបង្កើនសេវាទឹកស្អាតជូន ៧.៣៧៨ គ្រួសារបន្ថែមទៀត។

សម្ដេចធិបតីបានបញ្ជាក់ថា៖ «ទឹកស្អាតគឺជាប្រភពនៃសុខុមាលភាព និងបម្រើសេចក្តីត្រូវការចាំបាច់របស់ប្រជាពលរដ្ឋ ដែលជាផ្នែកមួយទ្រទ្រង់ដល់សុខភាព និងប្រព័ន្ធភាពស៊ាំ»។

ទន្ទឹមនឹងការសម្ពោធរោងចក្រទឹកស្អាតអណ្តូងតាសី រាជរដ្ឋាភិបាលក៏បានប្រកាសបើកការដ្ឋានសាងសង់គម្រោងពង្រីកហេដ្ឋារចនាសម្ព័ន្ធទឹកស្អាតក្នុងខេត្តចំនួន៥ គឺខេត្តស្វាយរៀង ពោធិ៍សាត់ កំពង់ធំ កំពត និងមណ្ឌលគិរី។

គម្រោងនេះនឹងបង្កើនសមត្ថភាពផលិតទឹកស្អាតសម្រាប់ខេត្តទាំង៥ សរុបប្រមាណ ១៣.៦០០ ម៉ែត្រគូបក្នុងមួយថ្ងៃ ពង្រីកបណ្តាញចែកចាយទឹកស្អាតប្រវែង ៧៣៩ គីឡូម៉ែត្រ និងផ្តល់តំណទឹកស្អាតថ្មីចំនួន ២៨.៦៦០ គ្រួសារ។

លោក ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានឱ្យដឹងថា ការផ្គត់ផ្គង់ទឹកស្អាតនៅទូទាំងប្រទេសបានកើនឡើង ៨០% ពីប្រមាណ ៣០៩ លានម៉ែត្រគូបក្នុងឆ្នាំ២០១៨ ដល់ប្រមាណ ៥៥៦ លានម៉ែត្រគូបក្នុងឆ្នាំ២០២៥។

លោក Ueno Atsushi ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា បានបង្ហាញការប្តេជ្ញាចិត្តគាំទ្ររបស់ប្រទេសជប៉ុនចំពោះការអភិវឌ្ឍនៅកម្ពុជា ជាពិសេសក្នុងការពង្រីកបទពិសោធន៍ជោគជ័យនៃការអភិវឌ្ឍវិស័យទឹកស្អាតក្នុងរាជធានីភ្នំពេញ។

គម្រោងនេះគ្រោងអនុវត្តរយៈពេល២០ខែ ចាប់ពីខែមីនា ឆ្នាំ២០២៦ ដល់ខែកញ្ញា ឆ្នាំ២០២៧ ក្រោមទុនវិនិយោគសរុប ៦០លានដុល្លារអាមេរិក។

ដោយ៖ តារា
