រដ្ឋមន្ត្រីពាណិជ្ជកម្មចិន លោក Wang Wentao បានធ្វើការអំពាវនាវយ៉ាងសំខាន់ទៅកាន់សមាជិកនៃអង្គការពាណិជ្ជកម្មពិភពលោក (WTO) ឱ្យរួមគ្នាប្រយុទ្ធប្រឆាំងនឹងឯកតោភាគីនិយម និងការការពារនិយម។ លោកបានសង្កត់ធ្ងន់ថា កំណែទម្រង់គឺជាភារកិច្ចស្នូលសម្រាប់អនាគតរបស់អង្គការ។

ក្នុងសន្និសីទរដ្ឋមន្ត្រី WTO លើកទី ១៤ នៅទីក្រុង Yaoundé ប្រទេសកាមេរូន នៅថ្ងៃទី ២៦ ខែមីនា លោក Wang Wentao បានបញ្ជាក់ថា សកលភាវូបនីយកម្មសេដ្ឋកិច្ចគឺជានិន្នាការប្រវត្តិសាស្ត្រដែលមិនអាចត្រឡប់វិញបាន ហើយពហុភាគីនិយមគឺជាជម្រើសដែលជៀសមិនរួចដើម្បីដោះស្រាយបញ្ហាប្រឈមសកល។
សារព័ត៌មាន Reuters បានផ្សាយថា ប្រធានអង្គការពាណិជ្ជកម្មពិភពលោក (WTO) បានអំពាវនាវដល់ប្រទេសនានា ឱ្យរួមគ្នាកែប្រែច្បាប់ពាណិជ្ជកម្មសកល។ លោកស្រី Ngozi Okonjo-Iweala បាននិយាយថា សណ្តាប់ធ្នាប់ពិភពលោកពីមុនបានរលាយបាត់មិនវិលវិញ ក្រោយរយៈពេលមួយឆ្នាំនៃភាពចលាចល ដែលបង្កឡើងដោយពន្ធគយអាមេរិក និងភាពតានតឹងកាន់តែទូលំទូលាយខាងភូមិសាស្ត្រនយោបាយ។

នៅពេលចាប់ផ្តើមកិច្ចប្រជុំរយៈពេល ៤ថ្ងៃរបស់ WTO លោកស្រី Ngozi Okonjo-Iweala បានដាក់ចេញនូវបញ្ជីបញ្ហាប្រឈម រួមទាំងភាពជាប់គាំងនៃយន្តការដោះស្រាយវិវាទរបស់ WTO។ លោកស្រីបានគូសបញ្ជាក់ថា «សណ្តាប់ធ្នាប់ពិភពលោក និងប្រព័ន្ធពហុភាគីដែលយើងធ្លាប់ស្គាល់ បានប្រែប្រួលហើយ ហេតុនេះយើងត្រូវតែសម្លឹងទៅអនាគត»។
កិច្ចប្រជុំក្នុងទីក្រុង Yaounde បានកើតឡើងចំពោះមុខការព្រួយបារម្ភកាន់តែខ្លាំងអំពីផលប៉ះពាល់នៃសង្គ្រាមអាមេរិក-អ៉ីស្រាអែលជាមួយអ៉ីរ៉ង់ និងបន្ទាប់ពីកិច្ចព្រមព្រៀងពាណិជ្ជកម្មពហុភាគី បានជាប់គាំងអស់រយៈពេលជាច្រើនឆ្នាំ។ លំនាំនៃការឯកភាពគ្នាបច្ចុប្បន្នរបស់ WTO ត្រូវបានជាប់គាំង ដោយសារតែការជំទាស់ពីប្រទេសមួយចំនួន។

ក្រុមប្រតិភូកំពុងជំរុញ WTO អនុញ្ញាតឱ្យមានក្រុមសមាជិកបង្កើតកិច្ចព្រមព្រៀង នៅក្នុងអង្គការមួយនេះ។ ក្រុមអ្នកការទូត និងមន្ត្រីពាណិជ្ជកម្មបានព្រមានថា បើគ្មានកិច្ចព្រមព្រៀងធ្វើកំណែទម្រង់ទេ ប្រទេសនានាអាចបោះបង់ចោលឧត្តមគតិនៃប្រព័ន្ធពាណិជ្ជកម្មសកលដែលផ្អែកលើច្បាប់ ហើយកំណត់បទប្បញ្ញត្តិផ្ទាល់ខ្លួន៕
