ភ្នំពេញ៖ លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានជួបពិភាក្សាការងារជាមួយលោកស្រី Paola Pampaloni នាយិការងទទួលបន្ទុកអាស៊ី-ប៉ាស៊ីហ្វិក នៃមន្ទីរការបរទេសអឺរ៉ុប នៅថ្ងៃទី២៥ មីនា ២០២៦។

ក្នុងជំនួបនេះ លោកឧបនាយករដ្ឋមន្ត្រីបានសម្តែងការពេញចិត្តចំពោះវឌ្ឍនភាពសហប្រតិបត្តិការរវាងកម្ពុជា និងសហភាពអឺរ៉ុប ដែលបានរួមចំណែកយ៉ាងសំខាន់ដល់ការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម និងការកែលម្អជីវភាពប្រជាជនកម្ពុជា។
លោកស្រី Paola Pampaloni បានស្វាគមន៍ចំពោះវឌ្ឍនភាពវិជ្ជមាននៃទំនាក់ទំនងកម្ពុជា-សហភាពអឺរ៉ុប និងបញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្តរបស់សហភាពអឺរ៉ុបក្នុងការពង្រឹងសហប្រតិបត្តិការ រួមទាំងការគាំទ្រដល់ការចាកចេញរបស់កម្ពុជាពីឋានៈប្រទេសអភិវឌ្ឍន៍តិចតួច (LDC) ឆ្ពោះទៅរកឋានៈប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់។

លោកឧបនាយករដ្ឋមន្ត្រីបានថ្លែងអំណរគុណសហភាពអឺរ៉ុបចំពោះការផ្តល់ជំនួយមនុស្សធម៌ដល់ជនភៀសសឹកកម្ពុជា ព្រមទាំងការគាំទ្រដល់បទឈប់បាញ់ និងដំណើរការសន្តិភាព។ កិច្ចប្រជុំក៏បានពិភាក្សាអំពីស្ថានភាពព្រំដែនកម្ពុជា-ថៃ និងកិច្ចសហប្រតិបត្តិការក្នុងក្របខ័ណ្ឌអាស៊ាន-សហភាពអឺរ៉ុប។
ភាគីទាំងពីរបានបញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្តរបស់ខ្លួនក្នុងការបន្តពង្រឹងភាពជាដៃគូគ្រប់ជ្រុងជ្រោយ ដែលរួមចំណែកដល់សន្តិភាព ស្ថិរភាព និងការអភិវឌ្ឍប្រកបដោយចីរភាព។
