ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានប្រកាសយុទ្ធសាស្រ្តដាក់ខេត្តស្វាយរៀង និងខេត្តខាងកើតជាតំបន់ឧស្សាហកម្ម និងកសិ-ឧស្សាហកម្មដ៏សក្កានុពលក្នុងរយៈពេល២០ឆ្នាំខាងមុខ។

ក្នុងពិធីសម្ពោធដាក់ឱ្យដំណើរការជាផ្លូវការរោងចក្រប្រព្រឹត្តកម្មទឹកស្អាតអណ្តូងតាសី ក្រុងស្វាយរៀង និងពិធីបើកការដ្ឋានសាងសង់គម្រោងពង្រីកហេដ្ឋារចនាសម្ព័ន្ធទឹកស្អាតបន្ថែមសម្រាប់ខេត្ត៥ នាព្រឹកថ្ងៃព្រហស្បតិ៍ ទី២៦ មីនា ២០២៦ សម្តេចនាយករដ្ឋមន្ត្រីបានថ្លែងថា កម្ពុជា-ជប៉ុនបន្តចូលរួមអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធជាបន្តបន្ទាប់។
“ខេត្តស្វាយរៀងគឺជាខេត្តប្រកបដោយសក្កានុពលសេដ្ឋកិច្ចដ៏ធំ ហើយរាជរដ្ឋាភិបាលកំពុងជំរុញការវិនិយោគលើវិស័យកសិ-ឧស្សាហកម្ម និងឧស្សាហកម្ម ដើម្បីក្លាយជាតំបន់សម្រាប់ការវិនិយោគរោងចក្រ និងសហគ្រាស” សម្តេចបានអះអាង។

សម្តេចបានគូសបញ្ជាក់ថា រាជរដ្ឋាភិបាលកំពុងរៀបចំកម្ពុជាឱ្យក្លាយជាប្រទេសអភិវឌ្ឍ ដោយឈរលើសមត្ថភាពរបស់ប្រជាជនខ្មែរ ពិសេសយុវជនដែលមានចំណេះដឹង និងជំនាញលើគ្រប់វិស័យ។ កម្ពុជាកំពុងអនុវត្តយុទ្ធនាការសកម្មក្នុងការបោសសម្អាតភាពអសកម្ម និងសកម្មភាពឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា។
រោងចក្រប្រព្រឹត្តកម្មទឹកស្អាតអណ្តូងតាសីនឹងផ្តល់អត្ថប្រយោជន៍ជាច្រើនដល់សហគមន៍ ដោយកាត់បន្ថយហានិភ័យនៃការឆ្លងមេរោគ និងការពារបរិស្ថាន។ គម្រោងពង្រីកហេដ្ឋារចនាសម្ព័ន្ធទឹកស្អាតបន្ថែមសម្រាប់ខេត្ត៥ (ស្វាយរៀង, កំពង់ធំ, មណ្ឌលគិរី, ពោធិ៍សាត់ និងកំពត) នឹងជំរុញការអភិវឌ្ឍវិស័យទឹកស្អាត និងពង្រឹងមូលដ្ឋានគ្រឹះសម្រាប់ការអភិវឌ្ឍប្រទេស។

រាជរដ្ឋាភិបាលមានយុទ្ធសាស្រ្តច្បាស់លាស់សម្រាប់អភិវឌ្ឍសង្គម-សេដ្ឋកិច្ចជាតិ ដោយផ្តោតលើការលើកកម្ពស់សេដ្ឋកិច្ចបៃតង ការពង្រឹងអភិបាលកិច្ចបរិស្ថាន និងការវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធដែលអាចឆ្លើយតបទៅនឹងតម្រូវការ។ រាជរដ្ឋាភិបាលនឹងបន្តវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធគន្លឹះ រួមទាំងការផ្គត់ផ្គង់ទឹកស្អាត អនាម័យ និងប្រព័ន្ធគ្រប់គ្រងសំណល់។
ស្របតាមទិសស្លោក «ទីណាមានទឹកស្អាត ទីនោះនឹងមានការផ្លាស់ប្តូរជាសេដ្ឋកិច្ច» រាជរដ្ឋាភិបាលនឹងបន្តលើកកម្ពស់អភិបាលកិច្ច ការថែទាំ និងការប្រើប្រាស់ក្នុងវិស័យទឹកស្អាត៕
ដោយ៖ តារា
