ព្រះសីហនុ៖ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ដ៏សែនឈឺចាប់បានកើតឡើងនៅថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៦ នៅពេលរថយន្តធុនធំដឹកដំឡូងមួយគ្រឿងបានបើកបរក្នុងល្បឿនលឿន បានរេចង្កូតទៅខាងស្ដាំ បុករះបង្កាន់ដៃស្ពាន ហើយធ្លាក់ពីផ្លូវខ្ពស់ បណ្តាលឲ្យរថយន្តក្រឡាប់ និងអ្នកបើកបរស្លាប់នៅកន្លែងកើតហេតុ។

ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោងជាង ១២ថ្ងៃត្រង់ នៅលើផ្លូវសម្តេចសង្ឃ ចន្លោះគីឡូម៉ែត្រ ០៧-០៨ ក្នុងភូមិចំការកៅស៊ូ ឃុំជើងគោ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។ ជនរងគ្រោះដែលបានស្លាប់ភ្លាមៗនៅកន្លែងកើតហេតុមានឈ្មោះ ហ៊ុំ ហ៊ាង អាយុ ២៧ឆ្នាំ ដែលជាអ្នកបើកបររថយន្ត និងមានទីលំនៅនៅភូមិសំរោងវាល ឃុំជីផុច ស្រុកមេសាង ខេត្តព្រៃវែង។

បច្ចុប្បន្ន សាកសពរបស់ជនរងគ្រោះត្រូវបានសមត្ថកិច្ចទំនាក់ទំនងទៅក្រុមគ្រួសារដើម្បីយកទៅធ្វើបុណ្យតាមប្រពៃណី។ ចំណែកឯរថយន្តដែលជាវត្ថុតាង កំពុងត្រូវបានរករថយន្តស្ទួចយកទៅរក្សាទុកជាបណ្ដោះអាសន្ននៅអធិកាដ្ឋាននគរបាលស្រុកព្រៃនប់ សម្រាប់ការស៊ើបអង្កេតបន្ថែម។ សមត្ថកិច្ចនគរបាលកំពុងធ្វើការស៊ើបអង្កេតពីមូលហេតុពិតប្រាកដនៃហេតុការណ៍នេះ។
