ខេត្តស្វាយរៀង៖ សមត្ថកិច្ចនគរបាលក្រុងបាវិតបានធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន២នាក់ដែលពាក់ព័ន្ធនឹងករណីប៉ុនប៉ងលួចម៉ូតូនៅក្នុងមណ្ឌលកំសាន្តមួយ។

ជនសង្ស័យទាំងពីរត្រូវបានគេដឹងថាមានឈ្មោះជុច ជីវ៉ា អាយុ២០ឆ្នាំ និងផល សំណាង អាយុ៣៣ឆ្នាំ ដែលទាំងពីរមានស្រុកកំណើតនៅខេត្តពោធិ៍សាត់ តែបច្ចុប្បន្នស្នាក់នៅរោងកម្មករនៅក្រុងបាវិត។

ប្រភពព័ត៌មានបានបញ្ជាក់ថា សមត្ថកិច្ចបានទទួលបណ្តឹងផ្ទាល់មាត់ពីជនរងគ្រោះឈ្មោះសាន់ រ៉ាវី ដែលរាយការណ៍ថា ជនសង្ស័យទាំងពីរបានប៉ុនប៉ងលួចម៉ូតូម៉ាក HONDA WAVE ពណ៌ទឹកសមុទ្ររបស់នាងនៅមុខបន្ទប់លេខ V40 ក្នុងមណ្ឌលកំសាន្ត BS។ ជនរងគ្រោះបានឃើញទាន់ ស្រែកហៅសន្តិសុខ ដែលធ្វើឱ្យសន្តិសុខល្បាត និងប្រជាពលរដ្ឋនៅទីនោះជួយឃាត់ខ្លួនជនសង្ស័យទាំងពីរភ្លាមៗ។
ក្រោយពីទទួលបានព័ត៌មាន កម្លាំងនគរបាលបានចុះទៅកន្លែងកើតហេតុ និងនាំខ្លួនជនសង្ស័យទាំងពីររួមជាមួយសម្ភារៈតាងជាច្រើន រួមមាន៖ ម៉ូតូ HONDA WAVE របស់ជនរងគ្រោះ ម៉ូតូ HONDA VISION ពណ៌ក្រហមដែលជាមធ្យោបាយជិះធ្វើសកម្មភាព ទុលណឺវីស សោរកាសៀរ ស្គត់ខ្មៅ សោរបន្ទប់ កន្តៃ ដំបង និងទូរសព្ទដៃ។
បច្ចុប្បន្ន ជនសង្ស័យទាំងពីរនិងវត្ថុតាងទាំងអស់ត្រូវបានសមត្ថកិច្ចនគរបាលជំនាញក្រុងបាវិតកសាងសំណុំរឿង និងបញ្ជួនទៅការិយាល័យនៃស្នងការដ្ឋាននគរបាលខេត្តដើម្បីចាត់ការបន្តតាមច្បាប់។
ដោយ៖ សុថាន
