ភ្នំពេញ៖ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ដ៏គួរឱ្យភ័យខ្លាចបានកើតឡើងកាលពីយប់ថ្ងៃទី២៦ ខែមិនា ឆ្នាំ២០២៦ នៅតាមបណ្ដោយផ្លូវព្រះនរោត្តម ក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន នៅពេលដែលរថយន្តម៉ាក Camry ឆ្លាម បើកបរដោយបុរសស្រវឹងស្រា បានបុករបាំងថ្មពុះចែកទ្រូងផ្លូវយ៉ាងខ្លាំង។

តាមការអះអាងពីប្រភពព័ត៌មាននៅកន្លែងកើតហេតុ រថយន្តពាក់ផ្លាកលេខភ្នំពេញ 2Y-3979 ត្រូវបានគេឃើញកំពុងបើកបរតាមបណ្ដោយផ្លូវព្រះនរោត្តមទិសដៅពីត្បូងទៅជើងក្នុងល្បឿនលឿន និងស្ថានភាពស្រវឹង។ នៅពេលមកដល់ចំណុចកើតហេតុ អ្នកបើកបរបានបាត់បង់ការគ្រប់គ្រង បណ្ដាលឱ្យរថយន្តរ៉េចង្កូតជ្រុលទៅបុករបាំងថ្មពុះចែកទ្រូងផ្លូវពេញទំហឹង។

រថយន្តរងការខូចខាតផ្នែកខាងមុខយ៉ាងដំណំ ប៉ុន្តែសំណាងល្អដែលមិនមានគ្រោះថ្នាក់ដល់មនុស្ស។ ភ្លាមៗក្រោយកើតហេតុ ម្ចាស់រថយន្តបានគេចចេញពីកន្លែងកើតហេតុ បាត់ស្រមោលទៅ។
បន្ទាប់ពីទទួលដំណឹង សមត្ថកិច្ចមូលដ្ឋានបានសហការជាមួយមន្ត្រីជំនាញចរាចរណ៍ចុះមកធ្វើការវាស់វែង និងស្ទូចយករថយន្តទៅរក្សាទុកនៅការិយាល័យចរាចរណ៍ជំនាញផ្លូវគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ជាបណ្ដោះអាសន្នរង់ចាំការដោះស្រាយនៅពេលក្រោយ។
