ភ្នំពេញ៖ ការប្រើប្រាស់យានយន្តអគ្គិសនីនៅកម្ពុជាកំពុងកើនឡើងយ៉ាងខ្លាំង ដោយគិតត្រឹមខែកុម្ភៈ ឆ្នាំ២០២៦ មានយានយន្តអគ្គិសនីចុះបញ្ជីសរុបចំនួន ១៤,៥៣៤គ្រឿង ក្នុងនោះមានរថយន្តចំនួន ១០,៣៦៣គ្រឿង។

លោក ផន រឹម អ្នកនាំពាក្យក្រសួងសាធារណការនិងដឹកជញ្ជូន បានបញ្ជាក់ថា ការចុះបញ្ជីយានយន្តអគ្គិសនីបានចាប់ផ្តើមក្នុងឆ្នាំ២០១៨ ដែលកាលណោះមានតែ១គ្រឿងគត់។ ចាប់ពីពេលនោះមក ការចុះបញ្ជីមានកំណើនជារៀងរាល់ឆ្នាំ ស្របនឹងនិន្នាការសកលលោក។

ក្នុងខែកុម្ភៈ ឆ្នាំ២០២៦ មានយានយន្តអគ្គិសនីចុះបញ្ជីសរុប ១,០៧៨គ្រឿង (រថយន្ត ៨៨៩គ្រឿង) ខណៈដែលខែមករាមានតែ ៤៨៨គ្រឿងប៉ុណ្ណោះ។ នេះបង្ហាញពីកំណើនយ៉ាងខ្លាំងក្នុងរយៈពេលតែមួយខែ។
យានយន្តអគ្គិសនីមានអត្ថប្រយោជន៍ច្រើនយ៉ាង៖
១. កាត់បន្ថយការបំភាយឧស្ម័នកាបូនិក និងការបញ្ចេញឧស្ម័នពុល
២. ពង្រឹងសន្តិសុខថាមពលដោយកាត់បន្ថយការពឹងផ្អែកលើប្រេងឥន្ធនៈនាំចូល
៣. សន្សំសំចៃចំណាយក្នុងការប្រើប្រាស់
៤. ឈោងចាប់បច្ចេកវិទ្យាថ្មីៗស្របនឹងនិន្នាការសកល

រាជរដ្ឋាភិបាលបានដាក់ចេញគោលនយោបាយជាតិស្តីពីការអភិវឌ្ឍវិស័យយានយន្តអគ្គិសនីឆ្នាំ២០២៤-២០៣០ ដើម្បីតម្រង់ទិសនិងជំរុញការអភិវឌ្ឍវិស័យនេះនៅកម្ពុជា។
ការប្រើប្រាស់យានយន្តអគ្គិសនីនឹងរួមចំណែកកាត់បន្ថយការបញ្ចេញឧស្ម័នពុលក្នុងសកលលោកប្រមាណពាក់កណ្តាលនៅឆ្នាំ២០៥០ និងកាត់បន្ថយការស្លាប់មុនអាយុពីប្រមាណ៥,៤លាននាក់នៅឆ្នាំ២០២០ មកត្រឹមប្រមាណ២,៨លាននាក់នៅឆ្នាំ២០៥០។
