
នាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក អាន់វ៉ា អ៊ីប្រាហ៊ីម បានធ្វើការជជែកពិភាក្សាតាមទូរស័ព្ទជាមួយប្រធានាធិបតីអ៊ីរ៉ង់ លោក Masoud Pezeshkian ដោយបានបញ្ជាក់ថា អ៊ីរ៉ង់ត្រៀមខ្លួនរួចរាល់សម្រាប់ការចរចា និងថាសង្គ្រាមនឹងបញ្ចប់យ៉ាងពិតប្រាកដ។

ក្នុងរយៈពេល១ខែចុងក្រោយនេះ នាយករដ្ឋមន្ត្រីម៉ាឡេស៊ីបានខិតខំប្រឹងប្រែងជាងប្រទេសផ្សេងៗក្នុងតំបន់អាស៊ានក្នុងការស្វែងរកដំណោះស្រាយចំពោះជម្លោះរវាងអ៊ីរ៉ង់ និងសហរដ្ឋអាមេរិក។ លោកអាន់វ៉ាក៏បានបង្ហាញការគាំទ្រដល់នាយករដ្ឋមន្ត្រីប៉ាគីស្ថាន លោក Shehbaz Sharif ដើម្បីសម្របសម្រួលភាគីទាំងពីរ។
នៅក្នុងប្រកាសតាមបណ្តាញសង្គមហ្វេសប៊ុក លោកអាន់វ៉ាបានសរសេរថា៖ “ខ្ញុំក៏កត់សម្គាល់អំពីការត្រៀមខ្លួនរួចរាល់របស់អ៊ីរ៉ង់ដើម្បីចរចា ដោយបញ្ជាក់ថា សង្គ្រាមនឹងបញ្ចប់យ៉ាងពិតប្រាកដ។”

ម៉ាឡេស៊ីបានថ្កោលទោសយ៉ាងខ្លាំងចំពោះការវាយប្រហាររបស់អ៊ីស្រាអែលដែលគាំទ្រដោយអាមេរិកលើអ៊ីរ៉ង់ ខណៈដែលក៏បង្ហាញនូវការព្រួយបារម្ភចំពោះប្រទេសមិត្តភាពក្នុងតំបន់ឈូងសមុទ្រដែលរងផលប៉ះពាល់ពីជម្លោះនេះ។
លោកអាន់វ៉ាបានលើកឡើងថា បទពិសោធន៍អតីតកាលបានបង្ហាញថា បទឈប់បាញ់ដែលគ្មានការធានាយ៉ាងម៉ឺងម៉ាត់នឹងធ្វើឱ្យវដ្តនៃអំពើហិង្សាកើតឡើងម្តងទៀត។ ដូច្នេះ កិច្ចខិតខំប្រឹងប្រែងដើម្បីសន្តិភាពត្រូវតែបន្តដោយយុត្តិធម៌ ការទទួលខុសត្រូវ និងការប្តេជ្ញាចិត្តយូរអង្វែង។
ជម្លោះនៅអ៊ីរ៉ង់បានផ្ទុះឡើងនៅពេលការវាយប្រហាររបស់អ៊ីស្រាអែលគាំទ្រដោយសហរដ្ឋអាមេរិកចាប់ផ្តើមនៅថ្ងៃទី២៨កុម្ភៈ ដោយសម្លាប់មេដឹកនាំកំពូលៗរបស់អ៊ីរ៉ង់ ហើយជម្លោះនេះបានបណ្តាលឱ្យមនុស្សរាប់ពាន់នាក់ស្លាប់ និងអ្នករបួសរាប់ពាន់រហូតដល់ម៉ឺននាក់ទូទាំងតំបន់មជ្ឈិមបូព៌ា។
