ខេត្តបាត់ដំបង៖ សាកសពបុរសម្នាក់ដែលមានអាយុប្រហែល ៥០ឆ្នាំត្រូវបានពលរដ្ឋប្រទះឃើញដេកស្លាប់ផ្កាប់មុខក្នុងទឹកប្រឡាយ នៅវេលាម៉ោង ១៦:៣០នាទី ថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៦។ ករណីនេះបានបង្កឱ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងក្នុងសង្កាត់ចំការសំរោង ក្រុងបាត់ដំបង។

សាកសពនេះត្រូវបានគេរកឃើញនៅត្រង់ចំណុចប្រឡាយទឹកមួយកន្លែង ក្នុងក្រុមទី៣៦ ភូមិចំការសំរោង១។ បុរសរងគ្រោះពាក់អាវសដៃវែង ខោជើងវែងពណ៌គគីរ ហើយមានស្នាកស្នាមរបួសនៅលើក្បាល រួមទាំងមានខ្សែក្រវ៉ាត់ចងរឹតកផងដែរ។

ក្រោយពីទទួលបានព័ត៌មាន អាជ្ញាធរមូលដ្ឋាន សមត្ថកិច្ចនគរបាល និងកម្លាំងអាវុធហត្ថខេត្តក្រុងបានចុះទៅពិនិត្យកន្លែងកើតហេតុភ្លាម។ ទោះជាយ៉ាងណា អត្តសញ្ញាណរបស់ជនរងគ្រោះនៅមិនទាន់ត្រូវបានកំណត់ច្បាស់នៅឡើយទេ។

បច្ចុប្បន្ន សាកសពជនរងគ្រោះត្រូវបានកម្លាំងអធិការដ្ឋាននគរបាលក្រុងបាត់ដំបង សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលចំការសំរោង ធ្វើការស្រង់ចេញពីប្រឡាយ។ សមត្ថកិច្ចបានដាក់ការសង្ស័យថានេះអាចជាករណីឃាតកម្ម។

សមត្ថកិច្ចជំនាញបានធ្វើការហ៊ុំព័ទ្ធជុំវិញកន្លែងកើតហេតុ និងរងចាំធ្វើកោសល្យវិច្ច័យលម្អិតនៅពេលក្រោយ ដើម្បីស្វែងរកហេតុផល និងអ្នកទទួលខុសត្រូវក្នុងករណីនេះ។ ការស៊ើបអង្កេតនៅតែបន្តដើម្បីរកការពិតពីហេតុការណ៍ដ៏សែនអាថ៌កំបាំងនេះ។
