សិស្សានុសិស្សតំបន់ដាច់ស្រយាលរីករាយជាមួយអគារសិក្សាថ្មី ដែលសាងសង់ពីថវិកាកាបូនឥណទាន

សិស្សានុសិស្សតំបន់ដាច់ស្រយាលរីករាយជាមួយអគារសិក្សាថ្មី ដែលសាងសង់ពីថវិកាកាបូនឥណទាន

អគារសិក្សាថ្មីនៅតំបន់ដាច់ស្រយាល

ខេត្តមណ្ឌលគិរី៖ សិស្សានុសិស្សនៅតំបន់ដាច់ស្រយាលក្នុងស្រុកកែវសីមា បានសប្បាយរីករាយយ៉ាងខ្លាំង ក្រោយអគារសិក្សាថ្មីមួយខ្នងមាន៤បន្ទប់ ត្រូវបានសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនៅសាលាបឋមសិក្សាឡង់ណេះ។

ពិធីសម្ពោធអគារសិក្សា

ពិធីសម្ពោធបានប្រព្រឹត្តទៅកាលពីថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៦ នៅភូមិពូកេះ ឃុំមេម៉ង់ ស្រុកកែវសីមា ខេត្តមណ្ឌលគិរី ក្រោមអធិបតីភាពលោក ងិន សុវិមាន អភិបាលរងខេត្តមណ្ឌលគិរី និងលោក ហាក់ វិបុល នេត វិបុល ប្រធានមន្ទីរបរិស្ថាន។ ពិធីនេះក៏មានការចូលរួមពីលោកនាយករងអង្គការសមាគមអភិរក្សសត្វព្រៃ (WCS) ប្រចាំកម្ពុជា ព្រមទាំងអាជ្ញាធរដែនដី និងមន្ត្រីពាក់ព័ន្ធជាច្រើនរូប។

សិស្សានុសិស្សនៅក្នុងថ្នាក់សិក្សា

អគារសិក្សាថ្មីនេះ ត្រូវបានកសាងឡើងក្រោមជំនួយឧបត្ថម្ភពីអង្គការ WCS តាមរយៈគម្រោងរ៉េដបូកកែវសីមា (Keo Seima REDD+) ដែលចំណាយថវិកាសាងសង់ជិត១០ម៉ឺនដុល្លារអាមេរិក។

ការចែកសម្ភារសិក្សាដល់សិស្ស

លោក ងិន សុវិមាន អភិបាលរងខេត្ត បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះអង្គការ WCS និងភាគីពាក់ព័ន្ធទាំងអស់ ដែលបានរួមចំណែកគាំទ្រដល់ការកសាងហេដ្ឋារចនាសម្ព័ន្ធអប់រំនៅតំបន់ដាច់ស្រយាលនេះ។ លោកបានបញ្ជាក់ថា សមិទ្ធផលនេះនឹងក្លាយជាមូលដ្ឋានគ្រឹះដ៏សំខាន់ក្នុងការអភិវឌ្ឍធនធានមនុស្ស ស្របតាមចក្ខុវិស័យរបស់រាជរដ្ឋាភិបាល។

ថ្នាក់ដឹកនាំខេត្តចែកប័ណ្ណសរសើរ

លោក ហាក់ វិបុល ប្រធានមន្ទីរបរិស្ថានខេត្តមណ្ឌលគិរី បានឲ្យដឹងថា ថវិកាដែលយកមកសាងសង់អគារសិក្សានេះ គឺជាផ្លែផ្កាដែលបានមកពីការលក់ឥណទានកាបូន (Carbon Credits) តាមរយៈការការពារ និងអភិរក្សធនធានធម្មជាតិព្រៃឈើក្នុងតំបន់។

សិស្សានុសិស្សរីករាយនៅអគារសិក្សាថ្មី

លោកបានអំពាវនាវដល់ប្រជាពលរដ្ឋក្នុងសហគមន៍ ឱ្យបន្តចូលរួមទប់ស្កាត់សកម្មភាពកាប់បំផ្លាញព្រៃឈើ និងការពារធនធានធម្មជាតិឱ្យបានគង់វង្ស ព្រោះវាជាប្រភពចំណូលដ៏សំខាន់សម្រាប់យកមកអភិវឌ្ឍមូលដ្ឋានវិញផ្ទាល់។

ពិធីសម្ពោធផ្លូវការ

ថ្នាក់ដឹកនាំខេត្តក៏បានប្រគល់ប័ណ្ណសរសើរជូនដល់អង្គការ WCS ដើម្បីជាការតបស្នងចំពោះកិច្ចខិតខំប្រឹងប្រែងអភិវឌ្ឍវិស័យអប់រំ ព្រមទាំងបានចែកសម្ភារសិក្សាមួយចំនួនដល់សិស្សានុសិស្សក្នុងបរិយាកាសរីករាយក្រៃលែង។

សរសេរដោយ៖ សាយ ករុណា
កែសម្រួលដោយ៖ ស្រីណា

administrator

Related Articles