ភ្នំពេញ៖ ប្រមុខការទូតអឺរ៉ុប លោកស្រីកាហ្សាកាល់ឡាស បានចោទប្រកាន់រុស្ស៊ីថា បានផ្ដល់ព័ត៌មានសម្ងាត់ឱ្យអ៉ីរ៉ង់ ដើម្បីសម្លាប់ទាហានអាមេរិកនៅតំបន់មជ្ឈិមបូព៌ា។ ការចោទប្រកាន់នេះបានកើតឡើងកាលពីថ្ងៃទី២៦ មីនា ដោយលោកស្រីបានស្នើឱ្យសហរដ្ឋអាមេរិកពង្រឹងការគាបសង្កត់លើរុស្ស៊ី។

លោកស្រីកាហ្សាកាល់ឡាសបានអះអាងថា៖ “យើងសង្កេតឃើញរុស្ស៊ីកំពុងជួយអ៉ីរ៉ង់ទាំងក្នុងផ្នែកស៊ើបការណ៍ និងផ្ដល់ដ្រូនដើម្បីវាយប្រហារប្រទេសជិតខាង និងមូលដ្ឋានយោធាអាមេរិក។ ប្រសិនបើអាមេរិកចង់ឲ្យសង្គ្រាមចប់ ត្រូវតែគាបសង្កត់លើរុស្ស៊ីកុំឲ្យអាចជួយអ៉ីរ៉ង់បាន។”

ខណៈពេលដែលអឺរ៉ុបកំពុងចោទប្រកាន់រុស្ស៊ី ប្រទេសអឺរ៉ុបជាច្រើនក៏បានព្រមព្រៀងគ្នាបញ្ជូនកងទ័ពទៅកាន់តំបន់សមុទ្រមេឌីទែរ៉ាណេខាងកើត ដើម្បីឆ្លើយតបទៅនឹងការវាយប្រហាររបស់អ៉ីរ៉ង់លើមូលដ្ឋានយោធានៅកោះស៊ីប។ ក្រុមប្រទេសទាំងនេះមានបារាំង អ៉ីតាលី និងក្រិក។
ប្រធានាធិបតីបារាំងលោកអេមម៉ានុយអែលម៉ាក្រុង បានប្រកាសពីការដាក់ពង្រាយនាវាផ្ទុកយន្តហោះ CHARLES DE GAULLE នៅសមុទ្រមេឌីទែរ៉ាណេ ព្រមទាំងបញ្ជូននាវាពិឃាតពហុមុខងារមួយគ្រឿងទៅកោះស៊ីប។ ក្រិកក៏បានបញ្ជូននាវាពិឃាត២គ្រឿង និងយន្តហោះ F-16 ទៅកាន់ស៊ីបដែរ។
ចំណែកអេស្ប៉ាញបានបញ្ជូននាវាពិឃាត១គ្រឿង ហើយអង់គ្លេសដែលលែងជាសមាជិកសហភាពអឺរ៉ុប ក៏បានប្រកាសពីការចូលរួមពង្រឹងការពារអាកាសកោះស៊ីប។
អ៉ីរ៉ង់បានបដិសេធផែនការផ្អាកសង្គ្រាមដែលលើកឡើងដោយប្រធានាធិបតីអាមេរិកលោកដូណាល់ត្រាំ ហើយបន្តធ្វើការវាយប្រហារលើអ៉ីស្រាអែល និងប្រទេសក្នុងតំបន់ឈូងសមុទ្រពែរ្ស។
