ខេត្តកណ្តាល – សមត្ថកិច្ចបានរកឃើញសំណេរផ្តែផ្តាំដ៏សោកសៅមួយក្នុងទូរស័ព្ទរបស់សពដែលអណ្តែតទឹកនៅទន្លេមេគង្គក្រោម។

ព្រឹត្តិការណ៍នេះកើតឡើងកាលពីថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៦ នៅវេលាម៉ោង១២:២៣នាទី នៅចំណុចក្នុងទឹកមាត់ច្រាំងទន្លេមេគង្គក្រោម ក្នុងភូមិពោធិ៍ធំ សង្កាត់អរិយក្សត្រ ក្រុងអរិយក្សត្រ ខេត្តកណ្តាល។
លោកវរសេនីយ៍ទោ រស់ បាលីន អធិការនគរបាលក្រុងអរិយក្សត្រ បានបញ្ជាក់ថា ជនរងគ្រោះមានឈ្មោះ ប៊ុន ទិត្យារិទ្ធ ភេទប្រុស អាយុ៤០ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅនៅភូមិអូកាតាំង ឃុំស្វាយប៉ោ(១) ស្រុកបាត់ដំបង ខេត្តបាត់ដំបង។
សមត្ថកិច្ចបានរកឃើញទូរស័ព្ទដៃម៉ាក SAMSUNG ១គ្រឿងនៅក្នុងហោប៉ៅរបស់សព ហើយនៅពេលឆែកក្នុងឆាត Messenger បានរកឃើញសំណេរជាពាក្យបណ្តាំដ៏សោកសៅ។

សំណេរនោះមានអត្ថន័យថា៖ “បងស្រី ពេលបងបានអានសារនេះ ប្រហែលជាប្អូនលែងនៅក្នុងលោកនេះហើយ! ខ្ញុំសម្រេចចិត្តទៅហើយ សូមបងផ្តាំសុំខមាទោសពីប៉ានិងបងបងផង!… សង្ឃឹមថាបងបងមិនប្រកាន់ខឹង និងជួយមើលថែកូនស្រីខ្ញុំផង ប្អូនសូមទោស។”
នៅក្នុងឆាត Facebook ក៏បានឮសំឡេងបងស្រីនិយាយលួងលោមកុំឱ្យប្អូនគិតខ្លី ដោយអំពាវនាវថា៖ “បើប្អូនខ្វះខាតអ្វី ប្អូនអាចមកខ្ចីលុយបងបាន ឬដើម្បីស្ងប់ចិត្ត ប្អូនអាចបួសនៅក្នុងវត្តមួយរយៈសិនក៏បាន។”
លោកអធិការបានបញ្ជាក់បន្ថែមថា ក្រោយពិនិត្យយ៉ាងល្អិតល្អន់ មិនមានស្នាកស្នាមអ្វីគួរឱ្យកត់សម្គាល់ ហើយយោងតាមលោកគ្រូពេទ្យ ជនរងគ្រោះស្លាប់ដោយសារលង់ទឹក។
សពត្រូវបានវេចខ្ចប់ដោយថង់ប្លាស្ទិក យកទៅរក្សាទុកជូនក្រុមគ្រួសារសាច់ញាតិដែលបានទំនាក់ទំនងតាមទូរស័ព្ទរបស់សពជនរងគ្រោះ ដើម្បីមកទទួលយកទៅធ្វើបុណ្យតាមប្រពៃណី។
