ជនជួលបន្ទប់ចាក់សម្លាប់ម្ចាស់ផ្ទះ ដោយសារការហាមឃាត់មិនឱ្យឡូឡារំខានអ្នកជួលផ្សេង

ជនជួលបន្ទប់ចាក់សម្លាប់ម្ចាស់ផ្ទះ ដោយសារការហាមឃាត់មិនឱ្យឡូឡារំខានអ្នកជួលផ្សេង

កន្លែងកើតហេតុ

រាជធានីភ្នំពេញ៖ ករណីឃាតកម្មដ៏សាហាវមួយបានកើតឡើងនៅក្នុងបន្ទប់ជួលមួយ នៅពេលដែលអ្នកជួលបន្ទប់ម្នាក់បានយកកាំបិតចាក់សម្លាប់ម្ចាស់ផ្ទះជួល ដោយសារតែការហាមឃាត់មិនឱ្យឡូឡារំខានអ្នកជួលផ្សេងៗ។

សមត្ថកិច្ចពិនិត្យកន្លែង

ហេតុការណ៍ដ៏គួរឱ្យភ្ញាក់ផ្អើលនេះបានកើតឡើងនៅវេលាម៉ោង ៥:៥០ ល្ងាច ថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៦ នៅបន្ទប់ជួលផ្លូវបេតុង ច្រកបឹងកំប្លោក សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

ជនរងគ្រោះមានឈ្មោះ ងិន ធីរ៉ា ភេទប្រុស អាយុ៥៨ឆ្នាំ ជាម្ចាស់ផ្ទះជួលច្រើនបន្ទប់នៅកន្លែងកើតហេតុ។ ជនសង្ស័យគ្រាន់តែស្គាល់ឈ្មោះ វិរះ ភេទប្រុស អាយុ៣៥ឆ្នាំ ស្នាក់នៅបន្ទប់ជួលកន្លែងកើតហេតុជាមួយប្រពន្ធនិងកូនប្រុស២នាក់។

ផ្ទះជួល

តាមស្ត្រីរស់នៅបន្ទប់ជួលក្បែរកន្លែងកើតហេតុបានប្រាប់ថា មុនកើតហេតុ ជនរងគ្រោះកំពុងសំរាកនៅលើអង្រឹងក្រោមផ្ទះ។ ជនសង្ស័យបានជិះម៉ូតូមកដល់បន្ទប់ជួល ហើយស្រែកឡូឡា ធ្វើឱ្យម្ចាស់ផ្ទះស្រែកថា៖ «អាវិរៈ កុំឡូឡាប៉ះពាល់អ្នកដទៃ» ដែលធ្វើឱ្យទាស់សំដីគ្នា។

ម៉ូតូជនសង្ស័យ

ប្រភពបន្តថា កន្លងមកម្ចាស់ផ្ទះបានគំរាមឈប់ជួលដោយសារចរិកជនសង្ស័យតែងតែធ្វើអ្វីប៉ះពាល់អ្នកជួលបន្ទប់ក្បែរគ្នា។ បន្ទាប់ពីឈ្លោះប្រកែកគ្នា ជនសង្ស័យបានយកកូនកាំបិតដងវែងមកចាក់ម្ចាស់ផ្ទះដែលកំពុងដេកលើអង្រឹង។

កាំបិត

ម្ចាស់ផ្ទះបានរត់គេចទៅខាងក្រោយផ្ទះ តែមិនទាន់បានបើកទ្វារចេញ ត្រូវជនសង្ស័យចាក់ច្រើនកាំបិត ធ្វើឱ្យរបួសហើយរត់ចូលក្នុងផ្ទះដួលក្នុងថ្លុងឈាម។

សមត្ថកិច្ចធ្វើកោសល្យវិច្ច័យ

បន្ទាប់មក ជនសង្ស័យបានដើរចេញពីខាងក្រោយផ្ទះ កាន់ថង់សំរាម ហើយប្រាប់កូនប្រុសតូចៗ២នាក់ថា៖ «អោយចាំប៉ានៅនឹងហើយ ប៉ាជិះម៉ូតូយកសំរាមចោលនៅខាងផ្លូវបន្តិចសិន» រួចជិះម៉ូតូគេចខ្លួនបាត់។

ផ្ទះជួលពីក្រៅ

ពេលប្រពន្ធជនសង្ស័យមកពីលក់គ្រឿងម្ជូរនៅកោះពេជ្រវិញមកដល់ ឮថាប្ដីយកកូនកាំបិតចាក់បុរសម្ចាស់ផ្ទះស្លាប់ សឹងតែដួលសន្លប់ និងយំដោយមិនគួរណាទៅសម្លាប់ម្ចាស់ផ្ទះបែបនេះសោះ។

កន្លែងឈាម

ក្រោយកើតហេតុ សមត្ថកិច្ចបានចុះទៅពិនិត្យកន្លែងកើតហេតុនិងធ្វើកោសល្យវិច្ច័យ។ សពជនរងគ្រោះបានឲ្យដឹងថា ស្លាប់ដោយសារចាក់ជាច្រើនកាំបិត ជាករណីឃាតកម្ម។ សមត្ថកិច្ចកំពុងស្រាវជ្រាវតាមចាប់ខ្លួនជនសង្ស័យយកមកផ្តន្ទាទោសតាមច្បាប់។

សមត្ថកិច្ចធ្វើការស៊ើបអង្កេត

អត្ថបទសរសេរដោយ យឹម ឈឿន

កែសម្រួលដោយ ធីតា

administrator

Related Articles