ភ្នំពេញ÷ក្នុងយុទ្ធនាការបោសសម្អាតការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) អាជ្ញាធរកម្ពុជាបានសម្រេចបិទខ្ទប់ទីតាំងចំនួន២៣៦កន្លែង និងផ្តន្ទាទោសមេខ្លោង និងបក្ខពួកជាង៦៩៧នាក់ក្នុងរយៈពេលជាងមួយឆ្នាំ។

យុទ្ធនាការដ៏ធំនេះដែលចាប់ផ្តើមពីឆ្នាំ២០២៥ រហូតដល់សប្តាហ៍ទី២ ខែមីនា ឆ្នាំ២០២៦ បានធ្វើឱ្យសមត្ថកិច្ចអាជ្ញាធររាជធានី-ខេត្តបិទខ្ទប់ទីតាំងសរុប២៣៦កន្លែង រួមមានទីតាំងកាស៊ីណូ៩១កន្លែង និងប្រភេទបុរី វីឡា ខុនដូ លំនៅឋាន១៤៥កន្លែង។ នេះបើយោងតាមការបញ្ជាក់ពីលេខាធិការដ្ឋានគណៈកម្មការចំពោះកិច្ចប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា។

តាមរបាយការណ៍ក្រសួងយុត្តិធម៌ ក្នុងរយៈពេល៨ខែចុងក្រោយនេះ តុលាការកម្ពុជាបានដោះស្រាយសំណុំរឿងពាក់ព័ន្ធនឹងការឆបោកអនឡាញចំនួន៧៩សំណុំរឿង ដោយផ្តន្ទាទោសមេខ្លោង និងបក្ខពួក៦៩៧នាក់ រួមទាំងសំណុំរឿងធំៗដូចជា ចេន ស៊ី និង លី គួង។ អាជ្ញាធរកត់សម្គាល់ថា មានក្រុមមេខ្លោង និងអ្នកពាក់ព័ន្ធជាង២២ម៉ឺននាក់បានគេចខ្លួនចេញពីកម្ពុជា។

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានប្តេជ្ញាចិត្តយ៉ាងមុតមាំក្នុងការបោសសម្អាតឱ្យអស់នូវបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាចេញពីកម្ពុជា ត្រឹមខែមេសា ឆ្នាំ២០២៦។ សម្តេចធិបតីបានបញ្ជាក់យ៉ាងច្បាស់ថា កម្ពុជាមិនមែនជាកន្លែងសម្រាប់ឧក្រិដ្ឋជនបច្ចេកវិទ្យាប្រើប្រាស់ក្នុងការប្រព្រឹត្តបទល្មើសឡើយ។
