តារាសម្តែងដ៏ល្បីល្បាញនាទសវត្សឆ្នាំ៩០ អ្នកនាង អម្ពរ ទេវី បានបង្ហាញនូវភាពសប្បាយចិត្តយ៉ាងខ្លាំង ក្រោយដឹងថាមានប្អូនប្រុសម្នាក់អាចបន្តវេនសិល្បៈភាពយន្តដូចជានាងដែរ។

ប្អូនប្រុសដែលជាប្អូនជីដូនមួយរបស់អ្នកនាង អម្ពរ ទេវី នោះមានឈ្មោះថា ទេព កែវគីរី ក៏ជាតារាសម្តែងមួយរូបផងដែរ។ កន្លងមក លោកមិនដែលបង្ហើបឬបញ្ចេញពីអត្តសញ្ញាណរបស់លោកថាជាប់ខ្សែជាមួយតារាជើងចាស់រូបនេះឡើយ។

តារាសម្តែងដ៏ល្បីល្បាញនាទសវត្សឆ្នាំ៩០ អ្នកនាង អម្ពរ ទេវី បញ្ជាក់តាមរយៈសំណេរបង្ហោះលើបណ្តាញសង្គមថា៖ “បងពិតជាមានមោទនភាពណាស់ ដែលមានប្អូនបន្តវេនសិល្បៈផ្នែកភាពយន្តបន្តពីរបង។ ជូនពរប្អូនទទួលជោគជយ័គ្រប់ការងារដែលប្អូនស្រលាញ់។”

បើយោងតាមបទសម្ភាសន៍របស់បណ្តាញសារព័ត៌មានក្នុងស្រុកមួយ លោកគីរីបានអះអាងថា រូបលោក និងអ្នកនាង អម្ពរ ទេវី គឺជាបងប្អូនជីដូនមួយបង្កើត ដោយឪពុករបស់ជាបងប្អូនបង្កើតជាមួយនឹងឪពុកអ្នកនាង អម្ពរ ទេវី។

លោកបន្តថា៖ “ចំពោះរឿងនេះ កន្លងមក មានអ្នកសិល្បៈដូចគ្នាតិចណាស់ ដែលបានដឹងរឿងនេះ ព្រោះលោកមិនដែលបង្ហើបរឿងនេះជាសាធារណៈឡើយ។ ប៉ុន្តែមិនមែនលោកចង់លាក់ ឬមិនចង់បង្ហាញពីជាប់ខ្សែស្រឡាយជាមួយអ្នកនាង អម្ពរ ទេវី ដែលជាតារាដ៏ល្បីនោះឡើយ។”

លោកបញ្ជាក់ថា ដោយឡែក មូលហេតុដែលត្រកូលលោក និងអ្នកនាងអម្ពរ ទេវី ខុសគ្នានោះ ដោយឪពុករបស់លោកបានយកត្រកូលតាមតា រីឯឪពុកអ្នកនាង អម្ពរ ទេវី គឺយកត្រកូលតាមតាទួតវិញ ប៉ុន្តែពួកគាត់ទាំងពីរនាក់គឺជាបងប្អូនបង្កើតនឹងគ្នា។

លោកបន្ថែមថា ការចូលប្រឡូកសិល្បៈរបស់លោកនោះ គឺកន្លងមក អ្នកនាង អម្ពរ ទេវី ក៏មិនបានដឹងឡើយ ព្រោះអំឡុងពេលនោះលោកត្រឹមតែឆ្លៀតចូលថតបានតិចតួចពេលដែលលោកទំនេរប៉ុណ្ណោះ។

យ៉ាងណា បើតាមលោក គីរី ការចូលប្រឡូកក្នុងវិស័យសិល្បៈនាពេលនេះ គឺលោកមិនចង់ឲ្យគេគិតថា លោកតោងបង អម្ពរ ទេវី នោះឡើយ ពោលគឺលោកចង់ឲ្យគេមើលឃើញពីសមត្ថភាពលោកផ្ទាល់ ជាជាងតោងឈ្មោះបងស្រីដើម្បីល្បី។

គួរបញ្ជាក់ថា លោក គីរី គឺជាតារាសម្តែងមួយរូបដែលតែងតែលេចវត្តមានសម្តែងតាមរយៈខ្សែភាពយន្តបែបអប់រំ និងភាពយន្តខ្នាតធំ ហើយលោកក៏ជាតារាមួយរូបដែលចូលចិត្តហាត់ក្បាច់គុណម្នាក់ផងដែរ។

អត្ថបទសរសេរដោយ សុខ វាសនា
កែសម្រួលដោយ ស្រីណា
