
ភ្នំពេញ៖ លោកនាយករដ្ឋមន្ត្រីម៉ាឡេស៊ី អាន់វ៉ា អ៊ីប្រាហ៊ីម បានប្រកាសថា អ៊ីរ៉ង់បានផ្តល់ការអនុញ្ញាតពិសេសឲ្យនាវាដឹកជញ្ជូនរបស់ម៉ាឡេស៊ីអាចឆ្លងកាត់ច្រកសមុទ្រ Hormuz បាន បើទោះបីជាច្រកសមុទ្រដ៏សំខាន់នេះកំពុងត្រូវបានបិទស្ទើរតែទាំងស្រុងក៏ដោយ។
ក្នុងសុន្ទរកថាតាមកញ្ចក់ទូរទស្សន៍ លោកអាន់វ៉ាបានថ្លែងអំណរគុណដល់ប្រធានាធិបតីអ៊ីរ៉ង់ Masoud Pezeshkian ចំពោះកាយវិការនេះ។ លោកបានបញ្ជាក់ថា ម៉ាឡេស៊ីកំពុងខិតខំរំដោះនាវាដឹកប្រេង និងបុគ្គលិករបស់ខ្លួនឲ្យបានវិលត្រឡប់មកផ្ទះវិញដោយសុវត្ថិភាព។

ម៉ាឡេស៊ីជាប្រទេសនាំចេញថាមពល ប៉ុន្តែពួកគេនៅតែត្រូវពឹងផ្អែកលើប្រេងឆៅពីតំបន់មជ្ឈិមបូព៌ារហូតដល់ ៧០%។ ដោយសារតែព្រួយបារម្ភពីកង្វះខាត រដ្ឋាភិបាលម៉ាឡេស៊ីបានចាប់ផ្តើមដាក់ចេញវិធានការសន្សំសំចៃប្រេង រួមមានការកាត់បន្ថយកូតាប្រេងសាំងដែលរដ្ឋធ្លាប់ជួយឧបត្ថម្ភ និងតម្រូវឲ្យមន្ត្រីរាជការធ្វើការពីផ្ទះវិញ។
លោកអាន់វ៉ាបានព្រមានថា ដ្បិតម៉ាឡេស៊ីមានស្ថានភាពល្អជាងប្រទេសខ្លះ ក៏សង្គ្រាមនេះនឹងធ្វើឲ្យតម្លៃម្ហូបអាហារ ជីកសិកម្ម និងថាមពលហក់ឡើងខ្ពស់មិនខាន។

បច្ចុប្បន្ន ទីក្រុងតេហេរ៉ង់នៅតែអះអាងថា ច្រកសមុទ្រនេះនៅតែបើកចំហសម្រាប់នាវាណាដែលមិនពាក់ព័ន្ធជាមួយអាមេរិក ឬអ៊ីស្រាអែល។ យ៉ាងណាមិញ ចរាចរណ៍តាមផ្លូវទឹកនេះបានធ្លាក់ចុះយ៉ាងខ្លាំង ពោលគឺពីមុនធ្លាប់មាននាវាឆ្លងកាត់ប្រមាណ ១២០ គ្រឿងក្នុងមួយថ្ងៃ តែឥឡូវសល់ត្រឹមតែ ៥ គ្រឿងប៉ុណ្ណោះ។
បន្ថែមលើនេះ មានសេចក្តីរាយការណ៍ថា សភាអ៊ីរ៉ង់កំពុងពិចារណាបង្កើតប្រព័ន្ធបង់ប្រាក់ ដែលអាចតម្រូវឲ្យនាវាដែលចង់ឆ្លងកាត់ដោយសុវត្ថិភាព ត្រូវបង់ប្រាក់រហូតដល់ ២ លានដុល្លារ៕
