អតីតពលករខ្មែរច្បាស់ជាមិនវិលទៅថៃទៀត ដោយការងារក្នុងស្រុកមានអត្ថប្រយោជន៍ច្រើនជាង

អតីតពលករខ្មែរច្បាស់ជាមិនវិលទៅថៃទៀត ដោយការងារក្នុងស្រុកមានអត្ថប្រយោជន៍ច្រើនជាង

រាជធានីភ្នំពេញ៖ សហជីពធំៗនៅកម្ពុជាបានបដិសេធការលើកឡើងរបស់សង់ត្រាល់ ដោយបញ្ជាក់ថា អតីតពលករខ្មែរដែលទទួលបានការងារនៅក្នុងវិស័យវាយនភណ្ឌ កាត់ដេរ ផលិតស្បែកជើង និងផលិតផលធ្វើដំណើរនិងកាបូប គ្មានបំណងត្រឡប់ទៅធ្វើការងារនៅប្រទេសថៃទៀតទេ។

ពលករខ្មែរនៅក្នុងរោងចក្រ

លោក សំ សឿន ប្រធានសហភាពពលកម្មជាតិកម្ពុជា បានថ្លែងថា៖ “អតីតពលករខ្មែរដែលទទួលបានការងារនៅក្នុងវិស័យវាយនភណ្ឌ កាត់ដេរ ផលិតស្បែកជើង និងផលិតផលធ្វើដំណើរនិងកាបូប មិនមានគោលបំណងណាមួយត្រឡប់ទៅធ្វើការងារនៅប្រទេសថៃដូចការលើកឡើងរបស់សង់ត្រាល់នោះទេ។ អត្ថប្រយោជន៍ដែលពួកគាត់ទទួលបានពីការងារក្នុងស្រុកមានច្រើនជាងធ្វើការងារនៅប្រទេសថៃ។”

ការងារក្នុងស្រុកមានស្ថេរភាព

លោកបន្តថា បច្ចុប្បន្នកម្ពុជាមានរោងចក្រ ក្រុមហ៊ុន និងវិស័យសេវាកម្មកើនឡើង ដែលបង្កើតការងារច្រើនសម្រាប់ពលរដ្ឋ។ ការងារក្នុងស្រុកផ្តល់ប្រាក់ខែមានស្ថេរភាព មានធានារ៉ាប់រងសុខភាព និងអត្ថប្រយោជន៍ផ្សេងៗទៀត។ ពួកគាត់អាចចៀសវាងហានិភ័យដូចជា ការបោកប្រាស់ ការជួញដូរមនុស្ស ឬបញ្ហាច្បាប់នៅស្រុកថៃ។

ពលករនៅក្នុងរោងចក្រកាត់ដេរ

ជាពិសេសពួកគាត់អាចរស់នៅជាមួយគ្រួសារ មិនបែកបាក់ និងអាចថែទាំកូនចៅបានល្អជាង។ ថ្នាក់ដឹកនាំសហជីពរូបនេះបញ្ជាក់ថា៖ “ទន្ទឹមលើការទទួលបានអត្ថប្រយោជន៍ទាំងនេះ គឺរាជរដ្ឋាភិបាលកម្ពុជា កំពុងលើកទឹកចិត្តការបង្កើតវិធានការ និងកិច្ចអន្តរគមន៍ជាច្រើន ដើម្បីបង្កើនឱកាសការងារ។”

ការអប់រំបណ្តុះបណ្តាលជំនាញ

ចំពោះលោក ហង្ស រ៉ាវី ប្រធានសហភាពសហជីពរក្សាសិទ្ធិកម្មករកម្ពុជា (CWPUC) បានថ្លែងថា លោកបានសួរនាំពីគោលបំណងរបស់អតីតពលករខ្មែរដែលត្រឡប់មកពីប្រទេសថៃជាច្រើននាក់ដែរ ប៉ុន្តែពួកគាត់ឆ្លើយដូចៗគ្នាថា គ្មានបំណងត្រឡប់ទៅវិញទេ។

លោកបន្តថា ពួកគាត់ធ្លាប់ប្រឈមនឹងបញ្ហាជាច្រើនដូចជា ការបោកប្រាស់ ការងារមិនស្របច្បាប់ រីឯពលករខ្លះមិនមានឯកសារត្រឹមត្រូវ អាចមានបញ្ហាជាមួយអាជ្ញាធរ ឬត្រូវផាកពិន័យ និងការចាប់ខ្លួនជាដើម។

លោក រ៉ាវី បានអំពាវនាវដល់អតីតពលករខ្មែរកុំវិលត្រឡប់ទៅប្រទេសថៃវិញ ហើយស្វែងរកការងារនៅក្នុងប្រទេសកម្ពុជា ដែលមានក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈនៅរង់ចាំផ្តល់ឱកាសការងារគ្រប់ពេលវេលា។

administrator

Related Articles