អាមេរិក-អង់គ្លេស៖ លោកប្រធានាធិបតី ដូណាល់ ត្រាំ បានធ្វើឱ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង នៅពេលលោកបានហៅនាវាផ្ទុកយន្តហោះចម្បាំងរបស់ចក្រភពអង់គ្លេសថាគ្រាន់តែជា «របស់ក្មេងលេង» និងរិះគន់យ៉ាងខ្លាំងទៅលើនាយករដ្ឋមន្ត្រីអង់គ្លេស លោក Sir Keir Starmer។

យោងតាមការចុះផ្សាយរបស់ Independent នៅថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៦ ការរិះគន់នេះកើតឡើងបន្ទាប់ពីអង់គ្លេសបានបដិសេធមិនអនុញ្ញាតឱ្យយន្តហោះចម្បាំងអាមេរិកប្រើប្រាស់មូលដ្ឋានទ័ពអាកាស Diego Garcia ដើម្បីវាយប្រហារទៅលើអ៊ីរ៉ង់។ លោកត្រាំបានសម្តែងការខឹងសម្បាយ៉ាងខ្លាំង ដោយលោកបានបង្ហាញថា យន្តហោះទម្លាក់គ្រាប់បែក B2 ត្រូវហោះត្រឡប់ទៅសហរដ្ឋអាមេរិកវិញអស់រយៈពេលដល់ទៅ១៧ម៉ោង។
ទោះបីជាក្រោយមក អង់គ្លេសបានយល់ព្រមអនុញ្ញាតឱ្យមាន«ប្រតិបត្តិការការពារខ្លួន»ក៏ដោយ ក៏លោកត្រាំបានច្រានចោលរាល់ការផ្តល់ជំនួយយោធាបន្ថែមពីសំណាក់អង់គ្លេស ដោយលោកបានប្រាប់ទៅវិញថា «មិនបាច់ជួយទេ» ព្រោះសង្គ្រាមជិតចប់ទៅហើយ។

ជាការឆ្លើយតប រដ្ឋាភិបាលអង់គ្លេសបានបញ្ជាក់យ៉ាងមុតមាំថា នាយករដ្ឋមន្ត្រីនៅតែបន្តផ្តោតលើ«ផលប្រយោជន៍ជាតិរបស់អង់គ្លេស»ជាធំ។ រដ្ឋមន្ត្រីក្រសួងកងទ័ពអង់គ្លេស លោក Al Carns បានចេញមុខការពារសមត្ថភាពកងទ័ពជើងទឹករបស់ខ្លួន ខណៈដែលមេដឹកនាំគណបក្សប្រឆាំងបានស្នើឱ្យលុបចោលដំណើរទស្សនកិច្ចរបស់ព្រះមហាក្សត្រអង់គ្លេសទៅកាន់អាមេរិក។
ទោះមានភាពតានតឹងយ៉ាងណាក៏ដោយ លោកត្រាំនៅតែអះអាងថា ដំណើរទស្សនកិច្ចរបស់ព្រះមហាក្សត្រអង់គ្លេសក្នុងឱកាសខួប២៥០ឆ្នាំនៃឯករាជ្យភាពអាមេរិក នាខែមេសាខាងមុខ នឹងនៅតែប្រព្រឹត្តទៅតាមការគ្រោងទុកដដែល។
