សង្គ្រាមរវាងសហរដ្ឋអាមេរិក អ៊ីស្រាអែល និងអ៊ីរ៉ង់ បានឈានចូលដល់ខែទី១ហើយ ដោយមិនទាន់មានសញ្ញាបញ្ចប់នៅឡើយ ដែលបណ្តាលឱ្យពលរដ្ឋនៅតំបន់មជ្ឈិមបូព៌ាជាច្រើនទទួលរងការវាយប្រហារជាបន្តបន្ទាប់។

នៅថ្ងៃទី២៨ មីនា ដែលគម្រប់១ខែនៃសង្គ្រាមវាយប្រហារ បណ្តាលឱ្យមនុស្សជាង៣,០០០នាក់ស្លាប់នៅតំបន់មជ្ឈិមបូព៌ា ក្នុងនោះអ៊ីរ៉ង់មានអ្នកស្លាប់១,៩០០នាក់។ ប្រព័ន្ធផ្គត់ផ្គង់ប្រេងសកលក៏ធ្លាក់ក្នុងស្ថានភាពច្របូកច្របល់ដោយសារសង្គ្រាមនេះ។
យោងតាមកាសែត Washington Post កងទ័ពអាមេរិកបានបាញ់មីស៊ីល Tomahawk ច្រើនជាង៨៥០គ្រាប់ក្នុងរយៈពេលតែ៤សប្តាហ៍នៃសង្គ្រាមជាមួយអ៊ីរ៉ង់។ អត្រាប្រើប្រាស់អាវុធដ៏ច្រើនសន្ធឹកសន្ធាប់នេះធ្វើឱ្យមន្ត្រីមន្ទីរបញ្ចកោណមួយចំនួនមានការព្រួយបារម្ភ និងឈានដល់ការពិភាក្សាផ្ទៃក្នុងអំពីវិធីបង្កើនសមត្ថភាពផលិត។

ទោះជាយ៉ាងណា សេតវិមានបានច្រានចោលការព្រួយបារម្ភនេះយ៉ាងដាច់ខាត។ អ្នកនាំពាក្យសេតវិមាន លោកស្រី Karoline Leavitt បានបញ្ជាក់ថា៖ «កងទ័ពអាមេរិកមានសព្វាវុធនិងគ្រាប់រំសេវស្តុកទុកគ្រប់គ្រាន់លើសពីអ្វីដែលចាំបាច់ ដើម្បីសម្រេចបាននូវគោលដៅនៃប្រតិបត្តិការកំហឹងដ៏មហិមា»។
ជម្លោះដែលកំពុងឈានចូលដល់សប្តាហ៍ទី៤នេះ បានបង្កឱ្យមានតម្រូវការប្រើប្រាស់មីស៊ីលដែលមានភាពជាក់លាក់ខ្ពស់យ៉ាងច្រើនលើសលប់។ រហូតមកដល់ពេលនេះ ក្រសួងការពារជាតិអាមេរិកនៅមិនទាន់ផ្តល់ការអត្ថាធិប្បាយណាមួយជាផ្លូវការជុំវិញសេចក្តីរាយការណ៍នេះនៅឡើយទេ។
