យោធាអ៊ីស្រាអែលបានប្រកាសថា ខ្លួនបានវាយប្រហាររោងចក្រចម្រាញ់អ៊ុយរ៉ាញ៉ូមមួយដ៏សំខាន់នៅភាគកណ្តាលប្រទេសអ៊ីរ៉ង់ ដែលជាសកម្មភាពវាយប្រហារដ៏ខ្លាំងក្លា។ ការវាយប្រហារនេះកើតឡើងក្នុងពេលដែលក្រុមអ្នកការទូតក្នុងតំបន់កំពុងព្យាយាមសម្របសម្រួល ដើម្បីបញ្ឈប់សង្គ្រាមរួមគ្នារវាងសហរដ្ឋអាមេរិក និងអ៊ីស្រាអែលលើអ៊ីរ៉ង់។

កងទ័ពអាកាសអ៊ីស្រាអែលបានឱ្យដឹងថា ខ្លួនបានវាយប្រហាររោងចក្រមួយដែលប្រើសម្រាប់ទាញយកវត្ថុធាតុដើមសំខាន់ៗ ដើម្បីដំណើរការចម្រាញ់អ៊ុយរ៉ាញ៉ូម។ រោងចក្រនេះជារោងចក្រពិសេសក្នុងហេដ្ឋារចនាសម្ព័ន្ធនុយក្លេអ៊ែររបស់អ៊ីរ៉ង់។
យោងតាម Al Jazeera ផ្សាយថ្ងៃទី២៧ ខែមីនា អង្គការថាមពលអាតូមិកអ៊ីរ៉ង់(IAEO) បានបញ្ជាក់ពីការវាយប្រហារនេះ ប៉ុន្តែមិនមានអ្នកស្លាប់ ឬការលេចធ្លាយវិទ្យុសកម្មនោះទេ។ អង្គការបន្តថា គ្រាប់ផ្លោងមួយគ្រាប់ក៏បានធ្លាក់នៅជិតរោងចក្រថាមពលនុយក្លេអ៊ែរ Bushehr ផងដែរ តែមិនបណ្តាលឱ្យមានអ្នកស្លាប់នោះទេ។

គួរបញ្ជាក់ថា នៅថ្ងៃសុក្រគឺជាថ្ងៃទី២៨ នៃជម្លោះរវាងប្រទេសទាំងបី ហើយការវាយប្រហារដោយកងទ័ពអ៊ីស្រាអែលគឺជាផ្នែកមួយនៃរលកវាយប្រហារយ៉ាងធំ លើទីតាំងសំខាន់ៗនៅទូទាំងប្រទេសអ៊ីរ៉ង់។
លើសពីនេះ រោងចក្រផលិតទឹកធ្ងន់ Khondab នៅកណ្តាលប្រទេសអ៊ីរ៉ង់ក៏ត្រូវបានវាយប្រហារដោយអ៊ីស្រាអែល រួមទាំងរោងចក្រដែកថែបធំៗពីរគឺរោងចក្រ Khuzestan និង Mobarakeh នៅទីក្រុង Isfahan។
រដ្ឋមន្ត្រីការបរទេស លោក Abbas Araghchi លើកឡើងថា អ៊ីរ៉ង់នឹងកំណត់តម្លៃខ្ពស់សម្រាប់ការវាយប្រហាររបស់អ៊ីស្រាអែលលើទីតាំងហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗជាច្រើនក្នុងប្រទេសខ្លួន។ លោក Araghchi និយាយនៅក្នុងការបង្ហោះមួយនៅលើបណ្តាញសង្គម X ថា៖ «អ៊ីស្រាអែលបានវាយប្រហាររោងចក្រដែកថែបធំជាងគេចំនួនពីររបស់អ៊ីរ៉ង់ រោងចក្រថាមពលមួយ និងទីតាំងនុយក្លេអ៊ែរស៊ីវិលក្នុងចំណោមហេដ្ឋារចនាសម្ព័ន្ធផ្សេងទៀត»។

មិនតែប៉ុណ្ណោះ មន្ត្រីអ៊ីរ៉ង់លើកឡើងថា ការវាយប្រហាររបស់សហរដ្ឋអាមេរិកនិងអ៊ីស្រាអែល បានបំផ្លាញសារមន្ទីរ និងទីតាំងប្រវត្តិសាស្ត្រយ៉ាងហោចណាស់ ១២០ កន្លែងនៅទូទាំងប្រទេសចាប់តាំងពីសង្រ្គាមចាប់ផ្តើមនៅថ្ងៃទី២៨ ខែកុម្ភៈ៕
