
ក្នុងយុទ្ធនាការរឹតបន្តឹងសន្តិសុខ និងសណ្តាប់ធ្នាប់សាធារណៈ កម្លាំងសមត្ថកិច្ចចម្រុះនៃគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តព្រះសីហនុបានបន្តចុះត្រួតពិនិត្យ និងបង្ក្រាបទីតាំងសង្ស័យពាក់ព័ន្ធនឹងការឆបោកតាមប្រព័ន្ធអនឡាញ (Online Scams) ជាបន្តបន្ទាប់។
យោងតាមរបាយការណ៍ កាលពីថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៦ សមត្ថកិច្ចចម្រុះនៃរដ្ឋបាលខេត្តបានឱ្យដឹងថា ក្រុមការងារបានចុះត្រួតពិនិត្យផ្ទះដែលជាទីតាំងសង្ស័យចំនួន ៨០ខ្នង ក្នុងបុរីគុជអាស៊ី ស្ថិតនៅភូមិ២ សង្កាត់លេខ៣ ក្រុងព្រះសីហនុ។ ជាលទ្ធផល កម្លាំងសមត្ថកិច្ចបានដកហូតសម្ភារៈសង្ស័យរួមមានកុំព្យូទ័រចំនួន ១៣៣គ្រឿង ទូរសព្ទដៃ ៤៣៩គ្រឿង និងកាំភ្លើងខ្យល់ចំនួន ៥ដើម។

ក្នុងការចុះត្រួតពិនិត្យជុំទី៣នៅកាស៊ីណូជីនយូមេនតាំង ភូមិ៤ សង្កាត់លេខ៤ ក្រុងព្រះសីហនុ សមត្ថកិច្ចបានប្រទះឃើញជនសង្ស័យចំនួន ៩នាក់ រួមជាមួយវត្ថុតាងមួយចំនួនពាក់ព័ន្ធនឹងការធ្វើសកម្មភាពឆបោក ដូចជាកុំព្យូទ័រ និងទូរសព្ទដៃ ដែលសមត្ថកិច្ចបានប្រមូលទុកជាភស្តុតាងសម្រាប់ការបន្តនីតិវិធីច្បាប់។ បច្ចុប្បន្ន ជនសង្ស័យរួមនឹងវត្ថុតាងត្រូវបានប្រគល់ជូនស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ ដើម្បីបន្តការសាកសួរ និងកសាងសំណុំរឿងបញ្ជូនទៅកាន់តុលាការ តាមនីតិវិធីច្បាប់។
គិតត្រឹមថ្ងៃទី២៦ ខែមីនានេះ សមត្ថកិច្ចចម្រុះនៃរដ្ឋបាលខេត្តព្រះសីហនុ បានបង្ក្រាបទីតាំងពាក់ព័ន្ធនឹងបទល្មើស Online Scams បានចំនួន ១៦ទីតាំងហើយ ក្នុងចំណោមទីតាំងសង្ស័យសរុបចំនួន ៥៩៦ ដែលបានត្រួតពិនិត្យក្នុងក្របខណ្ឌនៃការអនុវត្តអនុក្រឹត្យលេខ ០៣។

លេខាធិការដ្ឋានគណៈកម្មការចំពោះកិច្ចប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (គ.ប.ឆ.ប.) សូមជម្រាបជូនថា យុទ្ធនាការបោសសម្អាត Online Scams នៅទូទាំងប្រទេស គិតចាប់ពីឆ្នាំ២០២៥ រហូតដល់សប្តាហ៍ទី២ ខែមីនា ឆ្នាំ២០២៦ នេះ សមត្ថកិច្ច និងអាជ្ញាធររាជធានី-ខេត្ត បានបង្ក្រាប និងបិទខ្ទប់ (Sealed) ទីតាំងសរុបចំនួន ២៣៦ កន្លែង។ ក្នុងនោះមានទីតាំងកាស៊ីណូ ៩១កន្លែង និងប្រភេទបុរី វីឡា ខុនដូ លំនៅឋាន ចំនួន ១៤៥កន្លែង។
តាមរបាយការណ៍របស់ក្រសួងយុត្តិធម៌ ក្នុងរយៈពេល ៨ខែចុងក្រោយនេះ តុលាការកម្ពុជាបានអនុវត្តនីតិវិធីផ្លូវច្បាប់លើសំណុំរឿងពាក់ព័ន្ធនឹងការឆបោកអនឡាញសរុបចំនួន ៧៩ សំណុំរឿង ដោយផ្តន្ទាទោសមេខ្លោង និងបក្ខពួកចំនួន ៦៩៧ នាក់។ អាជ្ញាធរកត់សម្គាល់ថា មានក្រុមមេខ្លោង និងអ្នកពាក់ព័ន្ធប្រមាណជាង ២២ម៉ឺននាក់ បានគេចខ្លួនចេញពីកម្ពុជា ទាំងតាមផ្លូវអាកាស និងផ្លូវគោក។
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានប្ដេជ្ញាចិត្តយ៉ាងមុតមាំក្នុងការបោសសម្អាតឱ្យអស់នូវបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាចេញពីកម្ពុជា ត្រឹមខែមេសា ឆ្នាំ២០២៦។ សម្តេចធិបតីបានបញ្ជាក់យ៉ាងច្បាស់ថា កម្ពុជាមិនមែនជាកន្លែងសម្រាប់ឧក្រិដ្ឋជនបច្ចេកវិទ្យាប្រើប្រាស់ក្នុងការប្រព្រឹត្តបទល្មើសឡើយ។
ប្រភព៖ លេខាធិការដ្ឋានគណៈកម្មការចំពោះកិច្ចប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (គ.ប.ឆ.ប.)
