ភ្នំពេញ – ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ បានរិះគន់សម្ព័ន្ធមិត្តណាតូ (NATO) យ៉ាងខ្លាំង ដោយថាសម្ព័ន្ធមិត្តនេះមិនបានជួយអ្វីសោះ នៅពេលអាមេរិកត្រូវការជំនួយក្នុងវិបត្តិអ៊ីរ៉ង់។

ក្នុងស្ថានភាពដែលសង្រ្គាមនៅអ៊ីរ៉ង់នៅតែតានតឹង និងច្រកសមុទ្រ Hormuz ត្រូវបានបិទយ៉ាងណែន លោក ត្រាំ បានសុំជំនួយពីសម្ព័ន្ធមិត្តអាស៊ី-អឺរ៉ុប ដើម្បីជួយបើកច្រកនេះធម្មតាវិញ។ ការបិទច្រកនេះបានធ្វើឱ្យតម្លៃប្រេងសកលលោកបន្តហក់ឡើងខ្ពស់។
លោក ត្រាំ បានលើកឡើងទាំងខកចិត្តកាលពីថ្ងៃព្រហស្បតិ៍ថា សម្ព័ន្ធមិត្តណាតូមិនបានធ្វើអ្វីទាល់តែសោះ ដើម្បីជួយទីក្រុងវ៉ាស៊ីនតោនលើប្រទេសអ៊ីរ៉ង់។

យោងតាមគេហទំព័រអាមេរិក aa.com.tr លោក ត្រាំ សរសេរលើបណ្តាញសង្គមផ្ទាល់ខ្លួនថា៖ «សហរដ្ឋអាមេរិកមិនត្រូវការអ្វីពីណាតូទេ ប៉ុន្តែកុំភ្លេចពេលវេលាដ៏សំខាន់នេះឱ្យសោះ»។
ក្នុងពេលប៉ុន្មានថ្ងៃថ្មីៗនេះ លោក ត្រាំ បានជំរុញឱ្យសម្ព័ន្ធមិត្តអាស៊ី-អឺរូប និងគូប្រជែងប្រទេសចិន ឱ្យជួយធានាសុវត្ថិភាពច្រកសមុទ្រ Hormuz ដែលជាផ្លូវទឹកដឹកទំនិញ ថាមពលដ៏សំខាន់មួយរបស់ពិភពលោក។

ប្រទេសអឺរ៉ុបមួយចំនួនបានបដិសេធ ដោយពួកគេនិយាយថា ជម្លោះនៅអ៊ីរ៉ង់គឺជាសង្គ្រាមដែលចាប់ផ្តើមដោយប្រធានាធិបតីសហរដ្ឋអាមេរិកប៉ុណ្ណោះ ហើយមិនបានពិគ្រោះជាមួយសម្ព័ន្ធមិត្តអាមេរិកឡើយ។
លោក ត្រាំ បានបញ្ជាក់ជាថ្មីថា សហរដ្ឋអាមេរិកមិនត្រូវការណាតូទេ ដោយហៅជំហររបស់សម្ព័ន្ធមិត្តថា «ជាកំហុសដ៏ល្ងង់ខ្លៅ»។ លោកបានណែនាំថា «វាជាជម្រើសមួយដែលគួរពិចារណា»ក្នុងការដកខ្លួនចេញពីសម្ព័ន្ធមិត្ត។
«ខ្ញុំនឹងនិយាយវាជាសាធារណៈចុះ។ យើងខកចិត្តយ៉ាងខ្លាំងជាមួយសម្ព័ន្ធមិត្តណាតូ ព្រោះណាតូមិនបានធ្វើអ្វីទាល់តែសោះ» លោក ត្រាំ បាននិយាយក្នុងកិច្ចប្រជុំគណៈរដ្ឋមន្ត្រី។

លោកបន្ថែមថា៖ «ខ្ញុំបាននិយាយកាលពី ២៥ឆ្នាំមុនរួចហើយ ថាណាតូគឺជាខ្លាក្រដាស។ ប៉ុន្តែអ្វីដែលសំខាន់ជាងនេះទៅទៀត យើងនឹងទៅជួយសង្គ្រោះពួកគេបើពួកគេចួបបញ្ហា ប៉ុន្តែពួកគេនឹងមិនដែលមកជួយសង្គ្រោះយើងទេ»។
ការរិះគន់របស់លោក ត្រាំ បានកើតឡើងក្នុងពេលដែលវិបត្តិនៅអ៊ីរ៉ង់បន្តធ្វើឱ្យតម្លៃប្រេងសកលលោកកើនឡើង និងគំរាមកំហែងដល់សន្តិសុខថាមពលពិភពលោក។
