
មន្ត្រីជាន់ខ្ពស់រុស្ស៊ីបានរិះគន់សហរដ្ឋអាមេរិកយ៉ាងខ្លាំង ដោយអះអាងថា វិធីសាស្រ្តរបស់ទីក្រុងវ៉ាស៊ីនតោនគឺខុសឆ្គង និងប៉ះពាល់ដល់ផលប្រយោជន៍សេដ្ឋកិច្ចរបស់ប្រទេសទាំងពីរ។
យោងតាមភ្នាក់ងារសារព័ត៌មានរ៉យទ័រ លោក Dmitry Peskov អ្នកនាំពាក្យវិមានក្រឹមឡាំង បាននិយាយនៅថ្ងៃទី២៧ ខែមីនា ថា៖ «យើងកំពុងខ្ជះខ្ជាយពេលវេលា ហើយក្រុមហ៊ុនអាមេរិកក៏ដូចជាក្រុមហ៊ុនរបស់យើង កំពុងបាត់បង់ប្រាក់ចំណេញដែលពួកគេអាចរកបាន»។

ការលើកឡើងរបស់លោក Peskov បានកើតឡើងក្នុងពេលដែលទីក្រុងមូស្គូបន្តបង្ហាញចំណាប់អារម្មណ៍ក្នុងការចូលរួមស្តារសេដ្ឋកិច្ចឡើងវិញជាមួយសហរដ្ឋអាមេរិក ទោះបីជាមានអរិភាពជាបន្តបន្ទាប់ក៏ដោយ។
ចំណែកលោក Kirill Dmitriev បេសកជនរុស្ស៊ី ដែលបានចូលរួមក្នុងការពិភាក្សាជាមួយតំណាងដែលមានទំនាក់ទំនងជាមួយប្រធានាធិបតីអាមេរិក បាននិយាយថា៖ «រុស្ស៊ីមានជំហររឹងមាំបំផុត និងមានធនធានដ៏មានឥទ្ធិពលបំផុត។ អ្វីៗគ្រប់យ៉ាងនឹងត្រូវធ្វើឡើងតែលើលក្ខខណ្ឌរបស់រុស្ស៊ីប៉ុណ្ណោះ»។

យោងតាមកាសែត Financial Times ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បានស្នើសុំឱ្យពួកអ្នកមានអំណាចចូលរួមវិភាគទានរាប់ពាន់លានដុល្លារដល់ថវិការដ្ឋ ដើម្បីរក្សាការចំណាយលើសង្គ្រាម។
ការណ៍នេះបង្ហាញពីសញ្ញានៃសម្ពាធកាន់តែខ្លាំងឡើងលើសេដ្ឋកិច្ចរបស់រុស្ស៊ី នៅពេលដែលមានអត្រាការប្រាក់ខ្ពស់ និងការវិនិយោគធ្លាក់ចុះក្នុងប្រទេសនេះ។
