ភ្នំពេញ៖ វិស័យឧត្តមសិក្សាកម្ពុជានឹងទទួលបានការពង្រឹងសហប្រតិបត្តិការយ៉ាងជិតស្និទ្ធជាមួយទីភ្នាក់ងារឧត្តមសិក្សាប្រើប្រាស់ភាសាបារាំង (AUF) ខណៈកម្ពុជាកំពុងត្រៀមខ្លួនធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ នៅឆ្នាំ២០២៦។

ក្នុងជំនួបសំខាន់នៅថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៦ លោកបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានជួបពិភាក្សាជាមួយលោកសាស្ត្រាចារ្យ Nicolas MAÏNETTI នាយក AUF ប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិក។ កិច្ចពិភាក្សាបានផ្តោតលើការត្រៀមខ្លួនឆ្ពោះទៅរកកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី២០២៦។

លោកសាស្ត្រាចារ្យ Nicolas MAÏNETTI បានបង្ហាញពីគម្រោងផ្លាស់ប្តូរការិយាល័យរបស់ AUF ប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិកមកកាន់កម្ពុជា ដែលជាសញ្ញាណវិជ្ជមានក្នុងការពង្រឹងទំនាក់ទំនងអប់រំ។ ភាគីទាំងពីរបានឯកភាពគ្នាក្នុងការរៀបចំសកម្មភាពអបអរសាទរកិច្ចប្រជុំកំពូលនេះ។
លោកឧបនាយករដ្ឋមន្ត្រី ហង់ជួន ណារ៉ុន បានផ្តល់អនុសាសន៍ឱ្យមានការបង្កើតជំនួបផ្លាស់ប្តូរបទពិសោធន៍ និងសិក្ខាសាលាតាមប្រព័ន្ធអនឡាញ ដើម្បីជំរុញស្មារតីសិក្សាស្រាវជ្រាវដល់និស្សិតកម្ពុជា។ លោកក៏បានកោតសរសើរចំពោះសមិទ្ធផលរបស់ AUF ក្នុងការបណ្តុះបណ្តាលភាសាបារាំងនិងអភិវឌ្ឍធនធានមនុស្ស។

ជាការឆ្លើយតប លោកសាស្ត្រាចារ្យ Nicolas MAÏNETTI បានសម្តែងការអរគុណចំពោះកិច្ចសហការពីក្រសួងអប់រំ និងប្តេជ្ញាបន្តគាំទ្រកម្មវិធីអប់រំផ្សេងៗ ដើម្បីបង្កើនសមត្ថភាពនិស្សិតនិងបុគ្គលិកអប់រំក្នុងបរិបទសកលភាវូបនីយកម្ម។
ប្រភព៖ (CCFR)
