ទោះបីជាលោកប្រធានាធិបតី ត្រាំ បានអះអាងពីភាពវិជ្ជមាននៃការចរចាជាមួយអ៊ីរ៉ង់ក៏ដោយ ក៏សហរដ្ឋអាមេរិកនៅតែបន្តពង្រឹងកម្លាំងយោធារបស់ខ្លួន។ កាលពីថ្ងៃសុក្រទី២៧ ខែមីនា ឆ្នាំ២០២៦ សារព័ត៌មាន The Wall Street Journal បានរកឃើញថា មន្ទីរបញ្ចកោណកំពុងរៀបចំបញ្ជូនទាហានជើងគោកបន្ថែមចំនួន ១០,០០០ នាក់ទៀតទៅកាន់តំបន់មជ្ឈិមបូព៌ា។

ទោះជាមិនទាន់មានការបញ្ជាក់លម្អិតពីផែនការនេះក៏ដោយ ក៏ WSJ បានរាយការណ៍ថា ការបញ្ជូនទាហានទាំងនេះមានគោលបំណងផ្តល់ជម្រើសយោធាបន្ថែមដល់លោក ត្រាំ សម្រាប់សង្គ្រាមជាមួយអ៊ីរ៉ង់។ គោលដៅសំខាន់គឺដើម្បីបង្ហាញសាច់ដុំយោធាដល់អ៊ីរ៉ង់ ថាអាមេរិកត្រៀមខ្លួនរួចជាស្រេចសម្រាប់ការវាយលុកទ្រង់ទ្រាយធំ ប្រសិនបើការចរចាសន្តិភាពមិនទទួលបានលទ្ធផល។
កងទ័ពថ្មីទាំងនេះនឹងត្រូវបញ្ជូនបន្ថែមលើកងទ័ពម៉ារីន ៥,០០០ នាក់ និងកងពលធំទ័ពអាកាសលេខ ៨២ ដែលបានដាក់ពង្រាយរួចជាស្រេចនៅក្នុងតំបន់។ មុននេះ អាមេរិកក៏បានដាក់ផែនការចល័តទ័ពចេញពីបន្ទាយ Fort Bragg រដ្ឋ North Carolina ដែរ ដោយមានគោលដៅពង្រីកសមត្ថភាពសម្រាប់ប្រតិបត្តិការផ្សេងៗ រួមមានការការពារតំបន់ឆ្នេរសមុទ្រ និងមជ្ឈមណ្ឌលប្រេងយុទ្ធសាស្ត្រនៅកោះ Kharg។
ការត្រៀមបញ្ជូនកងទ័ពឆត្រយោងនេះ ធ្វើឡើងបន្ទាប់ពីការបញ្ជូនកងទ័ពម៉ារីនរាប់ពាន់នាក់តាមនាវាចម្បាំង USS Boxer រួចមកហើយ។ ចាប់តាំងពីសង្គ្រាមផ្ទុះឡើងនៅថ្ងៃទី២៨ ខែកុម្ភៈ អាមេរិកបានវាយប្រហារលើគោលដៅចំនួន ១០,០០០ កន្លែងក្នុងអ៊ីរ៉ង់ ដែលបណ្តាលឲ្យទាហានអាមេរិក ១៣ នាក់ស្លាប់ និង ២៩០ នាក់រងរបួស។
អត្ថបទ៖ សុខ សុវណ្ណ
