ភ្នំពេញ – កម្មវិធីរត់កម្សាន្តដ៏ពិសេសមួយត្រូវបានរៀបចំឡើងនៅតាមដងទន្លេមេគង្គក្នុងទីក្រុងនរា ដើម្បីអបអរសាទរខួបលើកទី១០នៃកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង។

លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានអញ្ជើញជាអធិបតីក្នុងព្រឹកថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៦ នៅក្នុងកម្មវិធីដែលមានឈ្មោះថា «រត់កម្សាន្តអបអរសាទរទិវាសប្តាហ៍នៃកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង ឆ្នាំ២០២៦»។

កម្មវិធីនេះមានការចូលរួមពីអ្នកដឹកនាំជាន់ខ្ពស់ រួមមានលោក វ៉ាង វិនពីន ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា ឯកអគ្គរដ្ឋទូត និងតំណាងពីប្រទេសមេគង្គ-ឡានឆាង តំណាងក្រសួង-ស្ថាប័ន និងសាធារណជនសរុបជាង ៦០០នាក់។
លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានថ្លែងថា៖ «ទន្លេមេគង្គគឺជានិមិត្តរូបរស់រវើកនៃមិត្តភាព កិច្ចសហប្រតិបត្តិការ និងការតភ្ជាប់រវាងប្រទេសនានា។ យើងមានទំនួលខុសត្រូវរួមគ្នាក្នុងការការពារ គ្រប់គ្រង និងថែរក្សាធនធានដ៏មានតម្លៃនេះសម្រាប់មនុស្សជំនាន់បច្ចុប្បន្ន និងអនាគត។»

កិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាងកំពុងឆ្ពោះទៅរកទស្សវត្សរ៍មាសថ្មីក្រោមមូលបទ «ការកសាងសហគមន៍មេគង្គ-ឡានឆាងរួមគ្នាជំនាន់ ២.០» ដែលផ្តោតលើការពង្រឹងការគ្រប់គ្រងធនធានទឹកប្រកបដោយចីរភាព ពង្រីកការតភ្ជាប់តំបន់ និងជំរុញការអភិវឌ្ឍបៃតង។

ជាការពិសេស កម្មវិធីនេះបានប្រមូលថវិកាសប្បុរសធម៌សរុបចំនួន ១១,៥៥៥ ដុល្លារអាម៉េរិក ដើម្បីបរិច្ចាគជូនមូលនិធិគន្ធបុប្ផាកម្ពុជា ដើម្បីគាំទ្រការថែទាំសុខភាពកុមារ។

កម្មវិធីរត់កម្សាន្តនេះមិនត្រឹមតែជាការអបអរខួបទី១០នៃកិច្ចសហប្រតិបត្តិការប៉ុណ្ណោះទេ ថែមទាំងជាឱកាសដើម្បីលើកទឹកចិត្តដល់សុខភាព និងការរួមចំណែកដល់សង្គមផងដែរ។

កិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាងគឺជាយន្តការសំខាន់មួយក្នុងការពង្រឹងទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងប្រទេសក្នុងតំបន់ ដោយមានកម្ពុជា ចិន ឡាវ មីយ៉ាន់ម៉ា ថៃ និងវៀតណាមជាសមាជិក។

ការតាំងពិព័រណ៍រូបថតដែលរៀបចំឡើងក្នុងឱកាសនេះបានបង្ហាញពីដំណើរការ និងសមិទ្ធផលនានាដែលទទួលបានក្នុងអំឡុងពេល១០ឆ្នាំកន្លងមកនៃកិច្ចសហប្រតិបត្តិការនេះ។

កម្មវិធីនេះបានបញ្ជាក់ពីសារៈសំខាន់នៃកិច្ចសហប្រតិបត្តិការតំបន់ក្នុងការដោះស្រាយបញ្ហាប្រឈមរួម និងការអភិវឌ្ឍប្រកបដោយចីរភាពសម្រាប់ប្រជាជនទាំងអស់ក្នុងតំបន់។

ដោយ៖ សិលា
