ភ្នំពេញ៖ ក្រសួងការពារជាតិកម្ពុជាបានស្វាគមន៍យ៉ាងកក់ក្តៅចំពោះការមកដល់របស់នាយទាហានពីម៉ាឡេស៊ីចំនួន២រូប ដែលបានចូលរួមក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) នៅកម្ពុជា។

លោកជំទាវ ឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិ បានប្រកាសថា នៅថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៦ នៅអាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ ក្រុមអ្នកសម្របសម្រួល (CLG) របស់កម្ពុជាបានស្វាគមន៍វរសេនីយ៍ទោ MOHD AMIN BIN BAHAROM និងវរសេនីយ៍ទោ MOHD ERRY BIN DUL TLDM ពីម៉ាឡេស៊ី។

ទាហានទាំងពីរនេះនឹងចូលរួមក្រុម AOT ដែលដឹកនាំដោយហ្វីលីពីន ក្នុងនាមជាប្រធានអាស៊ាន ដើម្បីចុះសង្កេតការណ៍ ផ្ទៀងផ្ទាត់ និងធានាការអនុវត្តបទឈប់បាញ់ និងវិធានការផ្សេងៗរវាងកម្ពុជា និងថៃ។
កម្ពុជាបានសង្កត់ធ្ងន់ពីសារៈសំខាន់នៃការពង្រឹងតួនាទី AOT ដើម្បីលើកកម្ពស់តម្លាភាព គណនេយ្យភាព និងការជឿទុកចិត្តគ្នាទៅវិញទៅមក។

រាជរដ្ឋាភិបាលកម្ពុជាបានបញ្ជាក់ពីការប្តេជ្ញាចិត្តគោរព និងអនុវត្តយ៉ាងពេញលេញនូវសេចក្តីប្រកាសរួម និងកិច្ចព្រមព្រៀងសន្តិភាពជាមួយថៃ ដើម្បីធានាសន្តិភាព ស្ថិរភាពយូរអង្វែងនៅតំបន់ព្រំដែន។

ការចូលរួមរបស់ម៉ាឡេស៊ីនេះបង្ហាញពីការគាំទ្ររួមគ្នារបស់ប្រទេសអាស៊ានក្នុងការធានាសន្តិភាព និងស្ថិរភាពនៅតំបន់។

កម្ពុជាបន្តស្វាគមន៍ប្រទេសមិត្តអាស៊ានទាំងអស់ដែលមានបំណងចូលរួមជួយលើកិច្ចការសន្តិភាពនេះបន្ថែមទៀត។

