
ក្រុមហ៊ូធី (Houthi) ដែលជាសម្ព័ន្ធមិត្តយោធារបស់អ៊ីរ៉ង់ និងមានមូលដ្ឋាននៅយេម៉ែន បានប្រកាសពីស្ថានភាពត្រៀមខ្លួនរួចស្រេច ដើម្បីធ្វើអន្តរាគមន៍យោធាដោយផ្ទាល់ ប្រសិនបើមានភាគីផ្សេងទៀតចូលរួមជាមួយសហរដ្ឋអាមេរិក និងអ៊ីស្រាអែលក្នុងសង្គ្រាមប្រឆាំងអ៊ីរ៉ង់។

យោងតាមភ្នាក់ងារព័ត៌មាន Reuters អ្នកនាំពាក្យយោធារបស់ក្រុមហ៊ូធី លោក Yahya Saree បានថ្លែងតាមទូរទស្សន៍ថា៖ «យើងសូមបញ្ជាក់ថា ម្រាមដៃរបស់យើងដាក់នៅលើគន្លឹះរួចរាល់ សម្រាប់អន្តរាគមន៍យោធាដោយផ្ទាល់»។ ការព្រមាននេះបានធ្វើឡើងក្នុងបរិបទនៃការប្រើប្រាស់សមុទ្រក្រហមសម្រាប់ប្រតិបត្តិការយោធាប្រឆាំងនឹងអ៊ីរ៉ង់។
លោក Saree បានបន្តថា ក្រុមហ៊ូធីនឹងមិនអនុញ្ញាតឱ្យមានការប្រើប្រាស់សមុទ្រក្រហមសម្រាប់ប្រតិបត្តិការអរិភាពប្រឆាំងនឹងអ៊ីរ៉ង់ ឬប្រទេសមូស្លីមណាមួយឡើយ។ លោកក៏បានព្រមានប្រឆាំងនឹងការរឹតបន្តឹងបន្ថែមទៀតលើយេម៉ែន ដែលលោកហៅថា «ការបិទផ្លូវលើប្រទេសយេម៉ែន»។

ក្នុងពេលជាមួយគ្នានេះ លោកបានអំពាវនាវឱ្យបញ្ឈប់ការវាយប្រហារពីអាមេរិក និងអ៊ីស្រាអែលលើអ៊ីរ៉ង់ និងប្រទេសសម្ព័ន្ធមិត្ត រួមទាំងទឹកដីប៉ាឡេស្ទីន លីបង់ និងអ៊ីរ៉ាក់។ លោកក៏បានជំរុញឱ្យមានការអនុវត្តកិច្ចព្រមព្រៀងឈប់បាញ់នៅហ្គាហ្សាផងដែរ។
ការព្រមានថ្មីនេះបានបង្កើនការប្រឈមមុខដាក់គ្នាក្នុងតំបន់ ជាពិសេសដោយសារសមត្ថភាពរបស់ក្រុមហ៊ូធីក្នុងការវាយប្រហារគោលដៅឆ្ងាយហួសពីយេម៉ែន និងរំខានដល់ផ្លូវដឹកជញ្ជូនជុំវិញឧបទ្វីបអារ៉ាប់។

ជាក់ស្តែង នាពេលកន្លងមក សម្ព័ន្ធមិត្តនិកាយស៊ីអ៊ីត (Shi’ite) របស់អ៊ីរ៉ង់នៅលីបង់ និងអ៊ីរ៉ាក់ បានចូលរួមក្នុងសង្គ្រាមក្នុងតំបន់ដែលបង្កឡើងដោយការវាយប្រហាររបស់អាមេរិក និងអ៊ីស្រាអែលលើទីក្រុងតេហេរ៉ង់។ រហូតមកដល់ពេលនេះ ក្រុមហ៊ូធីមិនទាន់បានប្រកាសពីការចូលរួមដោយផ្ទាល់ណាមួយក្នុងសង្គ្រាមនោះទេ។
អត្ថបទ៖ សាង ស្រីល័ក្ខ
