ប្រាសាទព្រះវិហារទទួលរងការខូចខាតធ្ងន់ធ្ងរ បណ្តាលពីការបាញ់ផ្លោងរបស់យោធាថៃ

ប្រាសាទព្រះវិហារទទួលរងការខូចខាតធ្ងន់ធ្ងរ បណ្តាលពីការបាញ់ផ្លោងរបស់យោធាថៃ

ភ្នំពេញ៖ ប្រាសាទព្រះវិហារ ដែលឈរលើកំពូលភ្នំជិត ១,០០០ ឆ្នាំមកហើយ កំពុងប្រឈមមុខនឹងគ្រោះថ្នាក់ធ្ងន់ធ្ងរបំផុតក្នុងប្រវត្តិសាស្ត្រ បណ្តាលពីការវាយប្រហាររបស់យោធាថៃ។

ប្រាសាទព្រះវិហារខូចខាត

លោក ផែន សុីណាត អ្នកបុរាណវិទ្យា និងអគ្គនាយករងអាជ្ញាធរជាតិអប្សរា បានបញ្ជាក់ថា៖ “នេះជាគ្រោះថ្នាក់ធ្ងន់ធ្ងរបំផុតក្នុងប្រវត្តិសាស្ត្ររបស់ប្រាសាទវិហារ។ គោវរសំខាន់ៗទាំង៥របស់ប្រាសាទបានខូចខាតស្ទើរទាំងអស់ ហើយក្នុងនោះមានបីកន្លែងត្រូវបាត់ទម្រង់ដើមទាំងស្រុង។”

ស្នាមខូចខាតនៅប្រាសាទ

តាមការវាយតម្លៃរបស់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ប្រាសាទនេះមានមុខរបួសជាង ៥៦០កន្លែង ដែលបង្កឡើងដោយគ្រាប់ផ្លោងយោធាថៃ។ ជណ្តើរខាងជើងដែលធ្លាប់ជួសជុលដោយសហរដ្ឋអាមេរិកក៏រងការខូចខាតយ៉ាងដំណំដែរ។

តំបន់ហានិភ័យនៅប្រាសាទ

ក្រសួងវប្បធម៌បានបញ្ជាក់ថា នៅខែកក្កដា ឆ្នាំ២០២៥ ទ័ពថៃបានបំផ្លាញប្រាសាទនេះរងរបួស ១៤២កន្លែង ហើយក្នុងសង្គ្រាមលើកទី២ មានកន្លែងខូចខាតបន្ថែមទៀត ៤២០កន្លែង។

ប្រាសាទព្រះវិហារបិទទ្វារ

ប្រាសាទដែលធ្លាប់ជាកន្លែងទស្សនាកំសាន្តសម្រាប់ទេសចរណ៍ ឥឡូវបានក្លាយទៅជាទីស្ងាត់ជ្រងំ។ តំបន់នេះត្រូវបានបិទមិនអនុញ្ញាតឱ្យភ្ញៀវទេសចរចូលទស្សនា ដោយមានស្នាមខ្សែរុំព័ទ្ធ និងកន្លែងគ្រាប់ផ្លោងគ្រាប់បែកនៅគ្រប់ទីកន្លែង។

រាជរដ្ឋាភិបាលកម្ពុជាបានអះអាងថា កងទ័ពថៃបានវាយប្រហារមកលើប្រាសាទដោយចេតនាបំផ្លាញ ខណៈភាគីថៃបានអះអាងថា ពួកគេវាយប្រហារតែទៅលើទីតាំងយោធាប៉ុណ្ណោះ។

ការបំផ្លិចបំផ្លាញនេះធ្វើឱ្យការជួសជុលប្រាសាទមានភាពលំបាកយ៉ាងខ្លាំង បើទោះជាមានការគាំទ្រពីប្រទេសអាមេរិក ឥណ្ឌា និងចិនកាលពីមុនក៏ដោយ។

ដោយ៖ សិលា

administrator

Related Articles