ភ្នំពេញ៖ លោក ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានដឹកនាំវេទិកាសាធារណៈនាព្រឹកថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៦ ដើម្បីផ្សព្វផ្សាយថវិកាសមិទ្ធកម្មឆ្នាំ២០២៦ និងសៀវភៅថវិកាពលរដ្ឋ។

ក្នុងពិធីនេះ លោករដ្ឋមន្ត្រីបានលើកឡើងពីគោលនយោបាយអាទិភាពទី៥ និងទី៦ ព្រមទាំងការចូលរួមរបស់ក្រសួងក្នុងកម្មវិធីកែទម្រង់ហិរញ្ញវត្ថុសាធារណៈដំណាក់កាលទី៤។ លោកបានសង្កត់ធ្ងន់លើការកំណត់គោលដៅផ្សាភ្ជាប់ទៅនឹងការអនុវត្តគោលនយោបាយ និងសមិទ្ធកម្មរបស់រាជរដ្ឋាភិបាល។

លោករដ្ឋមន្ត្រីបានផ្តល់យុទ្ធសាស្ត្រសំខាន់តាមគោលការណ៍ “មានហូប” ដោយធានាសន្តិសុខស្បៀង និងជំរុញផលិតកម្មកសិផលយុទ្ធសាស្ត្រ។ តាមគោលការណ៍ “មានបាន” ដែលជាមូលដ្ឋានទ្រទ្រង់ជីវភាពប្រចាំថ្ងៃ និងបង្កើតឱកាសសម្រាប់អ្នកជំនាន់ក្រោយកសាងសមត្ថភាពចូលវិស័យឧស្សាហកម្មនិងសេវាកម្ម។

លោកបានគូសបញ្ជាក់កម្មវិធីសំខាន់ៗ ៣ចំណុច៖ ការអភិវឌ្ឍខ្សែច្រវាក់តម្លៃកសិកម្ម ការគ្រប់គ្រងធនធានធម្មជាតិកសិកម្ម និងការពង្រឹងស្ថាប័ននិងសេវាគាំទ្រ។ កម្មវិធីទាំងនេះអនុញ្ញាតឱ្យមន្ត្រីផ្តល់សេវាសាធារណៈល្អជូនប្រជាកសិករ និងធានាបាននូវផលចំណេញសម្រាប់ភាគីពាក់ព័ន្ធទាំងអស់។

ជាទីបញ្ចប់ លោករដ្ឋមន្ត្រីបានលើកទឹកចិត្តដល់អង្គវេទិកាទាំងអស់ឱ្យបើកទូលាយចូលរួមពិភាក្សា និងផ្តល់មតិយោបល់សមិទ្ធកម្ម ដើម្បីសម្រេចបានលទ្ធផលល្អសម្រាប់វិស័យកសិកម្មកម្ពុជា។
