រដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក Sergey Lavrov បានបញ្ជាក់ជាផ្លូវការថា ទីក្រុងមូស្គូកំពុងផ្គត់ផ្គង់គ្រឿងយុទ្ធសាស្ត្រយោធាទៅអ៊ីរ៉ង់ ក្រោមកិច្ចសហប្រតិបត្តិការបច្ចេកទេសយោធា។ ការបញ្ជាក់នេះធ្វើឡើងក្នុងពេលស្ថានភាពនៅមជ្ឈិមបូព៌ាកំពុងតានតឹងខ្លាំង។

លោក Lavrov បានបដិសេធការចោទប្រកាន់ថា រុស្ស៊ីលួចផ្តល់ព័ត៌មានសម្ងាត់ពីទីតាំងទ័ពអាមេរិកទៅអ៊ីរ៉ង់។ លោកអះអាងថា អ៊ីរ៉ង់មានសមត្ថភាពដឹងពីទីតាំងទាំងនោះច្បាស់លាស់ ហើយរុស្ស៊ីក៏បានការពារកម្មវិធីនុយក្លេអ៊ែររបស់អ៊ីរ៉ង់ផងដែរ។
ស្ថានភាពកាន់តែគួរឲ្យព្រួយបារម្ភ នៅពេលលោកប្រធានាធិបតីវ្ល៉ាឌីមៀរ ពូទីន បានព្រមានថា ជម្លោះរវាងអាមេរិក អ៊ីស្រាអែល និងអ៊ីរ៉ង់ អាចនឹងបង្កជាមហន្តរាយសកលដែល«ធ្ងន់ធ្ងរជាងវិបត្តិកូវីដ១៩»។

ការព្រមាននេះមកបន្ទាប់ពីការវាយប្រហារតាមអាកាសរបស់អាមេរិក និងអ៊ីស្រាអែល ដែលបណ្តាលឲ្យអ៊ីរ៉ង់វាយបកវិញ។ ដោយភ័យខ្លាចគ្រោះថ្នាក់ រុស្ស៊ីបានជម្លៀសបុគ្គលិក១៦៣នាក់ចេញពីរោងចក្រនុយក្លេអ៊ែរ Bushehr បន្ទាប់ពីមានគ្រាប់ធ្លាក់នៅក្បែរ។ អង្គការសហប្រជាជាតិបានអំពាវនាវឲ្យគ្រប់ភាគីរក្សាភាពអត់ធ្មត់។
