រុស្ស៊ីព្រមានពិភពលោក៖ វិបត្តិថាមពលធ្ងន់ធ្ងរបំផុតក្នុងប្រវត្តិសាស្ត្រមនុស្សជាតិជិតមកដល់

រុស្ស៊ីព្រមានពិភពលោក៖ វិបត្តិថាមពលធ្ងន់ធ្ងរបំផុតក្នុងប្រវត្តិសាស្ត្រមនុស្សជាតិជិតមកដល់

រុស្ស៊ីបានចេញសម្លេងព្រមានថា ពិភពលោកកំពុងឈានឆ្ពោះទៅរកវិបត្តិថាមពលដ៏ធ្ងន់ធ្ងរបំផុតក្នុងប្រវត្តិសាស្ត្រមនុស្សជាតិ ដោយសារសង្គ្រាមមជ្ឈិមបូព៌ាបានធ្វើឲ្យតម្លៃប្រេងនិងហ្គាសហក់ឡើងខ្ពស់។

Kirill Dmitriev បេសកជនពិសេសរបស់ពូទីន

លោក Kirill Dmitriev បេសកជនពិសេសរបស់ប្រធានាធិបតីវ្ល៉ាឌីមៀរ ពូទីន បានព្រមានកាលពីថ្ងៃទី២៦ មីនា ២០២៦ ថា៖ «យើងមើលឃើញថា វិបត្តិថាមពលដ៏ធ្ងន់ធ្ងរបំផុតក្នុងប្រវត្តិសាស្ត្រមនុស្សជាតិកំពុងខិតជិតមកដល់ហើយ។ ទាំងសហភាពអឺរ៉ុប និងចក្រភពអង់គ្លេស សុទ្ធតែមិនបានត្រៀមខ្លួនទាល់តែសោះ»។

សង្គ្រាមមជ្ឈិមបូព៌ាបានធ្វើឲ្យអ៊ីរ៉ង់បិទច្រកសមុទ្រ Hormuz ដែលជាផ្លូវដឹកជញ្ជូនប្រេងសំខាន់ប្រហែលមួយភាគប្រាំនៃការផ្គត់ផ្គង់ប្រេងពិភពលោក។ ទីភ្នាក់ងារថាមពលអន្តរជាតិ (IEA) ព្រមានថា ការរអាក់រអួលនេះអាចអូសបន្លាយពេលរាប់ខែ ឬរាប់ឆ្នាំ។

កប៉ាល់ដឹកប្រេងនៅច្រក Hormuz

តម្លៃហ្គាសនៅអឺរ៉ុបបានហក់ឡើងប្រហែល ៧០% ចាប់តាំងពីថ្ងៃទី១ មីនា ចំណែកឯប្រេងឆៅប្រភេទ Brent បានឡើងថ្លៃលើសពី ១១០ ដុល្លារក្នុងមួយបារ៉ែល។ លោក Dmitriev បានរម្លឹកថា កាលពីមុនគាត់បានទស្សន៍ទាយថា តម្លៃប្រេងនឹងហក់ឡើងលើស ១០០ ដុល្លារ ប៉ុន្តែគ្មាននរណាជឿឡើយ។

ឥឡូវនេះ ច្រក Hormuz មិនមែនគ្រាន់តែជាផ្លូវទឹកសម្រាប់ដឹកជញ្ជូនទំនិញទៀតឡើយ ប៉ុន្តែវាបានក្លាយជាអាវុធនយោបាយដ៏មានឥទ្ធិពលបំផុត ដែលអាចកំណត់ថាប្រទេសណាខ្លះនឹងមានថាមពលប្រើប្រាស់ និងប្រទេសណាខ្លះត្រូវប្រឈមនឹងវិបត្តិងងឹតសូន្យសុង។

អត្ថបទ៖ សុខ សុវណ្ណ

administrator

Related Articles