ភ្នំពេញ៖ ឧទ្ធរណ៍ឃាតកម្មដ៏សាហាវមួយបានកើតឡើងនៅក្នុងភូមិព្រែកតានូ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ នៅវេលាម៉ោង ៧:៣០នាទីយប់ ថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៦ នៅពេលដែលជនជួលផ្ទះម្នាក់បានយកកាំបិតចុងស្រួចដេញចាក់សម្លាប់ម្ចាស់ផ្ទះដែលជាបុរសវ័យចំណាស់។

យោងតាមប្រភពព័ត៌មានពីអ្នកភូមិបានឱ្យដឹងថា ជនសង្ស័យជាអ្នកជួលបន្ទប់ស្នាក់នៅជាមួយប្រពន្ធនិងកូនរយៈពេលជិត១០ឆ្នាំមកហើយ។ ជនសង្ស័យតែងតែផឹកសុីហើយស្រែកឡូឡារំខានដល់អ្នកជួលបន្ទប់ក្បែរគ្នា។ ម្ចាស់ផ្ទះបានដើរទៅប្រាប់ជាច្រើនដងឱ្យកុំឱ្យមាត់ឡូឡាពេក។

នៅពេលកើតហេតុ ជនសង្ស័យបានផឹកសុីស្រែកឡូឡាម្តងទៀត ធ្វើឱ្យម្ចាស់ផ្ទះដើរទៅប្រាប់ម្តងទៀត។ នេះធ្វើឱ្យជនសង្ស័យកើតកំហឹង រត់ទៅទាញកាំបិតចុងស្រួចដេញចាក់ទៅលើជនរងគ្រោះជាច្រើនកាំបិតត្រង់ពោះ បណ្តាលឱ្យស្លាប់ក្នុងថ្លុកឈាម។

ក្រោយការសម្លាប់ ជនសង្ស័យបានបោះកាំបិតចោល រត់គេចខ្លួនចេញពីកន្លែងកើតហេតុបាត់ស្រមោល។ សមត្ថកិច្ចមូលដ្ឋានបានសហការជាមួយមន្ត្រីការិយាល័យបច្ចេកទេសនិងវិទ្យាសាស្ត្រនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញចុះមកពិនិត្យ។

សមត្ថកិច្ចបានធ្វើកោសល្យវិច្ច័យទៅលើសព រួចធ្វើកំណត់ហេតុប្រគល់ឱ្យទៅសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី។ ចំណែកឯជនដៃដល់ សមត្ថកិច្ចជំនាញកំពុងធ្វើការតាមស្រាវជ្រាវដើម្បីឃាត់យកមកចាត់ការតាមនីតិវិធីច្បាប់។
