ខេត្តកំពង់ស្ពឺ៖ កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺបានឃាត់ខ្លួនយុវជនពីរនាក់ក្រោយពីពួកគេបង្កភាពរំខានសង្គមតាមផ្លូវសាធារណៈ។

ព្រឹកថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៦ មន្ត្រីកងរាជអាវុធខេត្តកំពង់ស្ពឺបានបញ្ជាក់ថា កម្លាំងសមត្ថកិច្ចបានធ្វើប្រតិបត្តិការបង្ក្រាបនិងឃាត់ខ្លួនយុវជនទាំងពីរនាក់នេះ ដោយពួកគេបានបង្ហោះម៉ូតូធ្វើឲ្យមានសំឡេងរំខាន និងបង្កភាពរញេរញ៉ៃតាមផ្លូវសាធារណៈ។

ការប្រតិបត្តិការនេះត្រូវបានធ្វើឡើងក្រោមការដឹកនាំរបស់លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ។ នៅវេលាម៉ោង១:២០នាទីយប់ ថ្ងៃទី២៥ ខែមីនា កម្លាំងនគរបាលយុត្តិធម៌បានឃាត់ខ្លួនយុវជនទាំងពីរនាក់នៅតាមផ្លូវជាតិលេខ៤ ក្នុងសង្កាត់រកាធំ ក្រុងច្បាមន។

យុវជនទាំងពីរនាក់មានឈ្មោះថា ម៉េង ប៊ុនធី អាយុ២២ឆ្នាំ និង រ៉ុច សំណាង អាយុ២០ឆ្នាំ ដែលទាំងពីរធ្វើការនៅរោងចក្រ និងរស់នៅក្នុងភូមិអង្គសេរី។
កម្លាំងសមត្ថកិច្ចបានឃាត់ខ្លួនជាមួយនឹងវត្ថុតាងរួមមាន៖ ម៉ូតូ១គ្រឿងពណ៌ខ្មៅស្លាកលេខកំពង់ស្ពឺ 1W9986 ទូរស័ព្ទ iPhone 12 Pro Max និងខ្សែចំនួន១។

បច្ចុប្បន្ន យុវជនទាំងពីរនាក់ត្រូវបានអប់រំ និងធ្វើកិច្ចសន្យាបញ្ឈប់សកម្មភាពរំខានទាំងឡាយ។ កម្លាំងសមត្ថកិច្ចក៏បានដកហូតម៉ូតូយកទៅរក្សាទុករយៈពេល៣ខែនៅទីបញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ។
