ខេត្តកណ្តាល – កម្លាំងប៉ូលីសប្រឆាំងគ្រឿងញៀននៃអធិការដ្ឋាននគរបាលស្រុកកណ្តាលស្ទឹង បានចុះប្រតិបត្តិការស្ទាក់ចាប់ជនសង្ស័យជួញដូរគ្រឿងញៀនដែលលួចផ្ញើតាមរយៈក្រុមហ៊ុនវីរៈប៊ុនថាំ កាលពីព្រឹកថ្ងៃទី២៥ មីនា ២០២៦។

ការប្រតិបត្តិការនេះបានធ្វើឡើងនៅសាខាផ្សារដើមអំពិល ក្នុងភូមិបឹងខ្យាង ឃុំបឹងខ្យាង ស្រុកកណ្តាលស្ទឹង ដោយកម្លាំងសមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យ ២នាក់ និងរឹបអូសថ្នាំញៀនប្រភេទមេតំហ្វេតាមីន (Ice) ទម្ងន់ ២៥.០៣ក្រាម។

ជនសង្ស័យទីមួយឈ្មោះ ឆេន រតនា អាយុ ៣៤ឆ្នាំ ត្រូវបានចាប់ខ្លួននៅកន្លែងកើតហេតុ រួមជាមួយថ្នាំញៀន និងទូរស័ព្ទដៃ។ ក្រោយមក កម្លាំងសមត្ថកិច្ចបានបន្តស្រាវជ្រាវរហូតចាប់បានបក្ខពួកទីពីរឈ្មោះ លឹម សំណាង អាយុ ៣៨ឆ្នាំ នៅភូមិបឹងក្អែក។

តាមការសារភាព ជនសង្ស័យ លឹម សំណាង បានទទួលស្គាល់ថា ខ្លួនជាអ្នកនៅពីក្រោយ ដោយបានចាត់ចែងឲ្យ ឆេន រតនា ទៅទាក់ទងទិញថ្នាំញៀនពីឈ្មោះ ញ៉ាញ់ និង ខួច ក្នុងតម្លៃ ៧០ម៉ឺនរៀល។ ជនសង្ស័យទាំងពីរក៏ជាអ្នកសេពគ្រឿងញៀនរយៈពេល ២ឆ្នាំមកហើយ។

បច្ចុប្បន្ន ជនសង្ស័យទាំងពីរត្រូវបានបញ្ជូនទៅសាលាដំបូងខេត្តកណ្តាល ខណៈកម្លាំងសមត្ថកិច្ចកំពុងបន្តស្រាវជ្រាវរកបក្ខពួកផ្សេងទៀតដើម្បីផ្តន្ទាទោសតាមច្បាប់។
