រដ្ឋបាលគយទូទៅចិន (GAC) បានប្រកាសថា នឹងអនុវត្តច្បាប់ថ្មីដែលរឹតបន្តឹងលើចំណីអាហារនាំចូល ដោយផ្តោតលើសុវត្ថិភាពជាពិសេស ចាប់ពីថ្ងៃទី១ មិថុនា ឆ្នាំ២០២៦។

ក្រោយការរឹតបន្តឹងនេះ ចិននឹងអនុវត្តប្រព័ន្ធចុះបញ្ជីអាជីវកម្មជាផ្លូវការសម្រាប់ក្រុមហ៊ុនផលិតអាហារនាំចូល ដោយជំនួសបទប្បញ្ញត្តិចាស់ដែលបានចូលជាធរមាននៅឆ្នាំ២០២២។ ការអនុវត្តនេះមានគោលបំណងបង្កើនការត្រួតពិនិត្យសុវត្ថិភាពអាហារបន្ថែមទៀត និងសម្រួលដល់ការនាំចូលអាហារចូលទៅក្នុងប្រទេស។
យោងតាម GAC បទប្បញ្ញត្តិដែលចេញថ្មីនឹងផ្តោតការយកចិត្តទុកដាក់បន្ថែមទៀតលើការអនុវត្តស្តង់ដារសុវត្ថិភាពចំណីអាហារយ៉ាងតឹងរ៉ឹង ការពង្រឹងការគ្រប់គ្រងប្រភពដើម និងការត្រួតពិនិត្យដំណើរការទាំងមូល។

ផលិតផលចំណីអាហារដែលនាំចូលទៅចិន នឹងត្រូវបង្ហាញលេខចុះបញ្ជីច្បាស់ៗនៅលើការវេចខ្ចប់ផលិតផល។ អ្នកប្រើប្រាស់អាចស្វែងរកព័ត៌មានអំពីអាជីវកម្មដែលបានចុះបញ្ជីនៅលើប្រព័ន្ធគ្រប់គ្រងសាធារណៈរបស់គយចិន។
ចំណុចមួយគួរឱ្យកត់សម្គាល់គឺថា បទប្បញ្ញត្តិថ្មីមិនប៉ះពាល់ដល់អាជីវកម្មដែលទទួលបានលេខកូដចុះបញ្ជីរួចហើយក្រោមបទប្បញ្ញត្តិចាស់នោះទេ។ អាជីវកម្មទាំងនេះ នឹងផ្លាស់ប្តូរទៅប្រើយន្តការគ្រប់គ្រងថ្មីដោយមិនចាំបាច់ចុះឈ្មោះឡើងវិញពីដំបូងឡើយ។

រហូតមកដល់បច្ចុប្បន្ន អាជីវកម្មម្ហូបអាហារជាង៩៦,០០០ មកពីប្រទេស និងតំបន់ចំនួន១៧៨ ត្រូវបានផ្តល់លេខកូដចុះបញ្ជីក្នុងប្រទេសចិន។ កាលពីឆ្នាំមុន ការនាំចូលចំណីអាហាររបស់ចិន បានកើនឡើងដល់ជាង១៩១ ប៊ីលានដុល្លារអាមេរិក។
