ភ្នំពេញ – ក្រសួងធនធានទឹក និងឧតុនិយមបានចេញប្រកាសអំពីស្ថានភាពអាកាសធាតុនៅកម្ពុជាសម្រាប់ថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៦ ដោយព្យាករថា របបខ្យល់មូសុងឦសាននឹងបន្តប៉ះពាល់ដល់ប្រទេសយើង។

ស្ថានភាពនេះនឹងធ្វើឱ្យអាកាសធាតុមានលក្ខណៈស្ងួតក្តៅចាប់ពីថ្ងៃទី២៩ ដល់ទី៣១ មីនា។ តាមការព្យាករណ៍៖
១. តំបន់វាលទំនាប៖ សីតុណ្ហភាពនឹងមានពី ២៤°C ទៅ ៣៦°C ដោយខ្យល់បក់ពីទិសឦសាន និងបូព៌ ល្បឿន ២ម៉ែត្រ/វិនាទី។ ខេត្តដូចជា បន្ទាយមានជ័យ ពោធិ៍សាត់ បាត់ដំបង សៀមរាប កំពង់ឆ្នាំង កំពង់ធំ កំពង់ចាម តាកែវ ត្បូងឃ្មុំ ស្វាយរៀង ព្រៃវែង កណ្តាល និងភ្នំពេញ ពុំមានភ្លៀងធ្លាក់ទេ។
២. តំបន់ខ្ពង់រាប៖ សីតុណ្ហភាពពី ២៣°C ទៅ ៣៥°C ខ្យល់បក់ពីទិសឧត្តរ និងឦសាន ល្បឿន ៣ម៉ែត្រ/វិនាទី។ ខេត្តឧត្តរមានជ័យ ប៉ៃលិន កំពង់ស្ពឺ រតនគិរី ក្រចេះ ស្ទឹងត្រែង មណ្ឌលគិរី ព្រះវិហារ ជួរភ្នំដងរែក និងតំបន់ភ្នំក្រវាញ ក៏ពុំមានភ្លៀងដែរ។

៣. តំបន់មាត់សមុទ្រ៖ សីតុណ្ហភាពពី ២៤°C ទៅ ៣៥°C ខ្យល់បក់ពីទិសនិរតី និងអាគ្នេយ៍ ល្បឿន ២ម៉ែត្រ/វិនាទី។ ខេត្តព្រះសីហនុ កំពត កែប និងជួរភ្នំបូកគោ អាចមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់គ្របដណ្តប់លើផ្ទៃដី ១០%។ ចំណែកខេត្តកោះកុង ពុំមានភ្លៀងធ្លាក់ទេ។
រលកសមុទ្រមានកម្ពស់ពី ០,៥០ម៉ែត្រ ទៅ ១,០០ម៉ែត្រ។ សូមប្រជាពលរដ្ឋទទួលយកជាព័ត៌មាន និងរៀបចំខ្លួនប្រកបដោយសុវត្ថិភាព។
ដោយ៖ សិលា
