ភ្នំពេញ៖ ក្រុមសង្កេតការណ៍អាស៊ាន (AOT) បានចុះសង្កេតការណ៍នៅតំបន់ព្រំដែនកម្ពុជា-ថៃ ក្រោមការដឹកនាំថ្មីពីប្រទេសហ្វីលីពីន បន្តពីម៉ាឡេស៊ី។

យោងតាមសេចក្តីប្រកាសពីលោកស្រី ឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិ ការចុះសង្កេតការណ៍នេះបានធ្វើឡើងនៅថ្ងៃសៅរ៍ ទី២៨ មីនា ២០២៦ វេលាម៉ោង ៨:២៥នាទីព្រឹក នៅតំបន់ភូមិព្រៃចាន់ ខេត្តបន្ទាយមានជ័យ។

ក្រុមសម្របសម្រួល (CLG) របស់កម្ពុជាបានរៀបចំឱ្យក្រុម AOT ចុះផ្ទៀងផ្ទាត់ស្ថានភាពព្រំដែន និងរាយការណ៍អំពីការអនុវត្តសេចក្តីប្រកាសរួមក្រោយបទឈប់បាញ់។

លោកស្រីសុជាតាបានបញ្ជាក់ថា ការចុះសង្កេតលើកនេះជាបេសកកម្មប្តូរវេនដឹកនាំក្រុមសង្កេតការណ៍ ដោយប្រធានក្រុមពីម៉ាឡេស៊ីដែលចប់អាណត្តិ នឹងប្រគល់តួនាទីឱ្យប្រធានថ្មីពីហ្វីលីពីន។

រាជរដ្ឋាភិបាលកម្ពុជានៅតែបន្តបញ្ជាក់ពីការប្តេជ្ញាចិត្តក្នុងការគោរពសេចក្តីប្រកាសរួមនៃគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ (GBC) និងកិច្ចព្រមព្រៀងសន្តិភាពរវាងប្រទេសទាំងពីរ។

ការចុះសង្កេតការណ៍នេះគឺជាផ្នែកមួយនៃដំណើរការឆ្ពោះទៅការធ្វើឱ្យប្រសើរឡើងវិញនូវស្ថានភាពព្រំដែន និងការវិលត្រឡប់ទៅរកសន្តិភាពយូរអង្វែង។

ក្រសួងការពារជាតិបានអំពាវនាវឱ្យសាធារណជន និងអ្នកសារព័ត៌មានទាំងជាតិ និងអន្តរជាតិ ជ្រាបពីព័ត៌មាននេះ។

ដោយ៖ តារា
