ទីក្រុងម៉ូស្គូ៖ អាជ្ញាធររុស្ស៊ីបានប្រកាសស្ថានភាពអាសន្ននៅតំបន់ដាហ្គេស្ថាន បន្ទាប់ពីភ្លៀងធ្លាក់ខ្លាំងបង្កឱ្យមានគ្រោះទឹកជំនន់ធ្ងន់ធ្ងរ និងដាច់ភ្លើងអគ្គិសនីយ៉ាងធំធេង។

យោងតាមការិយាល័យសង្គ្រោះតំបន់ ប្រជាជនជាង៣សែននាក់នៅតែគ្មានភ្លើងអគ្គិសនីប្រើប្រាស់ ដោយក្នុងនោះមានកុមារជាង៨ម៉ឺននាក់។ ទីតាំង២៨៣កន្លែងដែលមានប្រជាជនរស់នៅសរុបជាង៣សែននាក់នៅតែគ្មានភ្លើងអគ្គិសនីប្រើប្រាស់នៅឡើយទេ។
លោកសឺហ្គេ មេលីកូស អភិបាលតំបន់ បានថ្លែងថា សេវាជួយសង្គ្រោះ និងមន្ត្រីរដ្ឋាភិបាលកំពុងត្រៀមលក្ខណៈសម្បត្តិទុកឱ្យហើយដើម្បីឆ្លើយតបទៅនឹងស្ថានភាពដែលកាន់តែអាក្រក់ជាងនេះ។

មន្ត្រីមូលដ្ឋាននៅទីក្រុងខាសាយើត ដែលជាទីក្រុងធំលំដាប់ទី២របស់តំបន់ដាហ្គេស្ថាន បានរាយការណ៍ថា ស្ពានសម្រាប់រថភ្លើងឆ្លងកាត់មួយខ្សែបានរងការខូចខាតដោយសារភ្លៀងធ្លាក់ខ្លាំង ដោយស្ពាននេះ២កន្លែងបានបាក់។
ស្ថានការណ៍ជាក់ស្ដែងកាន់តែអាក្រក់ជាងការគិតដំបូង ហើយអាជ្ញាធរព្យាករថា ភ្លៀងនឹងបន្តធ្លាក់ខ្លាំងរហូតដល់ថ្ងៃអាទិត្យ។ ទីភ្នាក់ងារសង្គ្រោះត្រូវស្ថិតនៅក្នុងការប្រុងជើងការកម្រិតខ្ពស់ និងកំពុងខិតខំប្រឹងប្រែងដើម្បីដោះស្រាយបញ្ហានៅចំពោះមុខ។

អាជ្ញាធរបានសន្យាថា នឹងជួយដោះស្រាយទុក្ខលំបាករបស់ប្រជាជនដែលរស់នៅក្នុងតំបន់រងគ្រោះ និងព្យាយាមស្ដារប្រព័ន្ធអគ្គិសនីឱ្យបានឆាប់រហ័សបំផុត។
ប្រភព៖ រ៉យទ័រ (Reuters) និងប្រភពដទៃទៀត
