សិង្ហបុរី៖ នាយករដ្ឋមន្ត្រីសិង្ហបុរី លោក ល័រ រេន វ៉ុង (Lawrence Wong) បានបញ្ជាក់ថា អាស៊ានមិនមានបំណងចូលរួមក្នុងជម្លោះរវាងចិន និងអាមេរិកឡើយ។ ការថ្លែងនេះបានធ្វើឡើងបន្ទាប់ពីលោកបំពេញទស្សនកិច្ចនៅប្រទេសចិនរយៈពេលបួនថ្ងៃ។
លោកវ៉ុងបានពន្យល់ថា ជំហររបស់សិង្ហបុរីក្នុងការចូលរួមនៅក្នុងការបើកទូលាយ និងបរិយាប័ណ្ណជាមួយប្រទេសមហាអំណាចមិនមែនមានតែប្រទេសនេះមួយប៉ុណ្ណោះទេ គឺជាជំហររួមរបស់អាស៊ានទាំងមូល។
“គ្មានប្រទេសជាសមាជិកអាស៊ានណាមួយចង់ប្រកាន់បក្សពួកថាត្រូវតែចូលខាងមហាអំណាចណាមួយឡើយ” លោកវ៉ុងបានអះអាង។ “ហេតុនេះ ជំហររបស់អាស៊ានគឺប្រកាន់យកទិសដៅចម្រុះ ចូលរួមជាមួយមហាអំណាចធំៗទាំងអស់ និងកសាងតំបន់របស់ខ្លួនឱ្យមានភាពបើកទូលាយ និងបរិយាប័ណ្ណ។”
មេដឹកនាំសិង្ហបុរីបានកត់សម្គាល់ថា កិច្ចប្រជុំកំពូលអាស៊ានបានប្រមូលផ្ដុំគ្នានូវក្រុមប្រទេសជាដៃគូជាច្រើន រួមទាំងអូស្ត្រាលី និងនូវែលហ្សេឡង់ផងដែរ។ អាស៊ាននឹងបន្តទំនាក់ទំនងជាមួយចិន ជប៉ុន និងកូរ៉េខាងត្បូងតាមរយៈកិច្ចប្រជុំកំពូលអាស៊ានជាមួយក្រុមប្រទេសដៃគូ ឬ ASEAN Plus។
“យើងចង់រក្សាទំនាក់ទំនងល្អជាមួយប្រទេសមហាអំណាចទាំងអស់។ ទោះបីប្រទេសទាំងនោះកំពុងមានជម្លោះជាមួយគ្នាក៏ជារឿងរបស់ពួកគេទៅចុះ” លោកវ៉ុងបានបន្ត។
លោកបានថ្លែងបន្ថែមថា អាស៊ាននឹងរក្សាទំនាក់ទំនងជាមួយមហាអំណាចទាំងនោះនៅក្នុងទម្រង់ជាការសន្ទនាបែបវិជ្ជមាន និងបែបស្ថាបនា ហើយនឹងបន្តស្វែងរកជំហររួមសម្រាប់ការពង្រឹងកិច្ចសហប្រតិបត្តិការ។ លោកយល់ថា ការបញ្ចុះបញ្ចូលឱ្យប្រទេសជាសមាជិកអាស៊ានទទួលយកជំហរនេះមិនមែនជាការពិបាកនោះទេ។
ប្រភព៖ ឆេនណល ញូស៍ អេស៊ា និងប្រភពដទៃទៀត
