តម្លៃប្រេងអន្តរជាតិបានហក់ឡើងខ្លាំងលើស ១១០ ដុល្លារក្នុងមួយបារ៉ែល នៅពេលបិទទីផ្សារកាលពីថ្ងៃសុក្រកន្លងមក ដោយសារស្ថានភាពតានតឹងនៅតំបន់មជ្ឈិមបូព៌ានៅតែបន្តគ្មានសញ្ញាធូរស្បើយ។

យោងតាមទិន្នន័យពីទីផ្សារប្រេងអន្តរជាតិ ប្រេងម៉ាក Brent បានកើនឡើង ៤,៥៦ ដុល្លារ ឬ ៤,២% ទៅដល់ ១១២,៥៧ ដុល្លារ/បារ៉ែល ខណៈប្រេងអាមេរិក WTI កើនឡើង ៥,១៦ ដុល្លារ ឬ ៥,៥% ទៅដល់ ៩៩,៦៤ ដុល្លារ/បារ៉ែល។
ចាប់តាំងពីចុងខែកុម្ភៈមក តម្លៃប្រេង Brent បានហក់ឡើងជិត ៥៣% និង WTI ឡើង ៤៥% ដោយសារការភ័យខ្លាចពីការរំខានដល់ការផ្គត់ផ្គង់ប្រេងកាន់តែខ្លាំងឡើង។

អ្នកវិភាគទីផ្សារបានចង្អុលបង្ហាញថា វិនិយោគិនកំពុងប្រុងប្រយ័ត្នយ៉ាងខ្លាំងចំពោះស្ថានភាពជម្លោះរវាងអ៊ីស្រាអែល អាមេរិក និងអ៊ីរ៉ង់។ ទោះបីជាប្រធានាធិបតីអាមេរិកដាក់សំណើសន្តិភាពក៏ដោយ ក៏អ៊ីរ៉ង់បានចាត់ទុកសំណើនេះថា «ឯកតោភាគី»។
ស្ថានភាពកាន់តែអាក្រក់ឡើង នៅពេលដែលអាមេរិកបញ្ជូនកងទ័ពរាប់ពាន់នាក់ទៅតំបន់មជ្ឈិមបូព៌ា ខណៈច្រកហ័រមូហ្ស ដែលជាផ្លូវដឹកប្រេងសំខាន់ ២០% នៃតម្រូវការពិភពលោក នៅតែបិទជិតដដែល។

