ភ្នំពេញ៖ កម្លាំងសមត្ថកិច្ចនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ក្រសួងមហាផ្ទៃ បានឃាត់ខ្លួនជនសង្ស័យម្នាក់ ដែលជាមុខសញ្ញាធ្វើសកម្មភាពលួចម៉ូតូ នៅក្នុងភូមិសាស្ត្រខណ្ឌពោធិ៍សែនជ័យ នៅព្រឹកថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៦។

ការឃាត់ខ្លួននេះ ធ្វើឡើងក្រោមការដឹកនាំរបស់លោកឧត្តមសេនីយ៍ត្រី ប៊ុត វណ្ណារដ្ឋ អនុប្រធាននាយកដ្ឋាន ដោយមានការចូលរួមពីលោកវរសេនីយ៍ឯក ញ៉ែម វ៉ន និងលោកវរសេនីយ៍ទោ ប៊ុត ស៊ីម៉េង។ ប្រតិបត្តិការនេះធ្វើឡើងនៅត្រង់ផ្លូវ៣០ម៉ែត្រ ភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ។
ជនសង្ស័យដែលត្រូវបានឃាត់ខ្លួនមានឈ្មោះ បុល សុខចំណាន ភេទប្រុស អាយុ២០ឆ្នាំ ជនជាតិខ្មែរ។ គេជាប់ពាក់ព័ន្ធនឹងករណីលួចម៉ូតូ ដែលបានប្រព្រឹត្តនៅថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៦ វេលាម៉ោង១៤:៣០នាទី នៅមុខបន្ទប់ជួល ភូមិទួលពង្រ។
កម្លាំងសមត្ថកិច្ចបានដកហូតសម្ភារៈសង្កេតឃើញមាន៖
• ដែកសំប៉ែតមុខស្រួច ០២ដើម និងសោរលេខ ០៨ ចំនួន ០១ដើម (ឧបករណ៍សម្រាប់កាច់សោរកម៉ូតូ)
• ដាវដែក ០២ដើម និងកាំបិត ០២ដើម
• ស្លាកលេខម៉ូតូចំនួន ០៤សន្លឹក (ភ្នំពេញ1IK-8776, ភ្នំពេញ1GA-7070, បាត់ដំបង1P-9401 និងស្វាយរៀង1U-8489)
បច្ចុប្បន្ន ជនសង្ស័យត្រូវបាននាំយកទៅនាយកដ្ឋាន ដើម្បីធ្វើការសាកសួរ និងកសាងសំណុំរឿងតាមនីតិវិធី។
