ភ្នំពេញ – ប្រទេសអារ៉ាប៊ីសាអូឌីតបានបង្កើនលំហូរប្រេងកាត់តាមបំពង់បង្ហូរប្រេងកើត-លិចទៅដល់ ៧ លានបារ៉ែលក្នុងមួយថ្ងៃ ដើម្បីជំនួសការផ្គត់ផ្គង់ដែលជាប់គាំងតាមច្រកសមុទ្រហ័រមូហ្ស ដែលកំពុងធ្វើឱ្យពិភពលោកប្រឈមនឹងវិបត្តិថាមពលធ្ងន់ធ្ងរ។

បណ្ដាញព័ត៌មាន Bloomberg បានរាយការណ៍ថា លំហូរប្រេង ៧ លានបារ៉ែល/ថ្ងៃនេះគឺជាសមត្ថភាពអប្បបរមារបស់បំពង់បង្ហូរ ដោយប្រភពអនាមិកបានបញ្ជាក់ពីបញ្ហានេះកាលពីថ្ងៃសៅរ៍ទី២៨ មីនា។
ការនាំចេញប្រេងឆៅពីកំពង់ផែ Yanbu របស់អារ៉ាប៊ីសាអូឌីតនៅលើសមុទ្រក្រហមក៏បានកើនឡើងដល់ ៥ លានបារ៉ែល/ថ្ងៃ ខណៈដែលប្រទេសនេះកំពុងនាំចេញផលិតផលប្រេងប្រហែល ៧០០,០០០ ទៅ ៩០០,០០០ បារ៉ែល/ថ្ងៃផងដែរ។

ទោះបីជាមានការបង្កើនលំហូរប្រេងក្ដី ក៏អារ៉ាប៊ីសាអូឌីតនៅតែមិនអាចជៀសវាងផលប៉ះពាល់ពីការបិទច្រកសមុទ្រហ័រមូហ្សបានទេ ដែលធ្លាប់ជាផ្លូវដឹកជញ្ជូនប្រេងប្រមាណ ២០% នៃតម្រូវការសកល។
ជម្លោះដែលកើតឡើងពីការវាយប្រហាររបស់អ៊ីស្រាអែល និងសហរដ្ឋអាមេរិកលើអ៊ីរ៉ង់ បានធ្វើឱ្យតម្លៃប្រេងឆៅសកលហក់ឡើងខ្ពស់លើស ១០០ ដុល្លារ/បារ៉ែល និងបង្កវិបត្តិថាមពលទូទាំងពិភពលោក ទាំងការកើនឡើងតម្លៃ និងកង្វះការផ្គត់ផ្គង់។

