ឃាតករចាក់សម្លាប់ម្ចាស់ផ្ទះជួលរត់គេចទៅរតនគិរី ត្រូវសមត្ថកិច្ចតាមចាប់ខ្លួនបានក្នុងរយៈពេល២ថ្ងៃ

ឃាតករចាក់សម្លាប់ម្ចាស់ផ្ទះជួលរត់គេចទៅរតនគិរី ត្រូវសមត្ថកិច្ចតាមចាប់ខ្លួនបានក្នុងរយៈពេល២ថ្ងៃ

រាជធានីភ្នំពេញ៖ ជនសង្ស័យជាឃាតករដែលបានធ្វើសកម្មភាពចាក់សម្លាប់ម្ចាស់ផ្ទះជួលនៅសង្កាត់ចាក់អង្រែលុយ ខណ្ឌមានជ័យ បានរត់គេចខ្លួនទៅដល់ខេត្តរតនគិរី ត្រូវបានកម្លាំងសមត្ថកិច្ចសហការស្រាវជ្រាវតាមចាប់ខ្លួនបានក្នុងរយៈពេលត្រឹមតែ២ថ្ងៃប៉ុណ្ណោះ។

កម្លាំងសមត្ថកិច្ចតាមចាប់ខ្លួនឃាតករ

សូមជម្រាបថា កាលពីថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៦ មានករណីឃាតកម្មកើតឡើងនៅផ្ទះលេខ២៨៧ ផ្លូវបេតុង ភូមិព្រែកតានូ១ សង្កាត់ចាក់អង្រែលុយ ខណ្ឌមានជ័យ។ ជនសង្ស័យឈ្មោះ ហុក វិរៈ ភេទប្រុស អាយុ៣៦ឆ្នាំ បានប្រើកាំបិតចុងស្រួចចាក់សម្លាប់ជនរងគ្រោះឈ្មោះ ងិន ធីរ៉ា ភេទប្រុស អាយុ៥៨ឆ្នាំ ដែលជាមន្ត្រីនគរបាលចូលនិវត្តន៍។

ក្រោយពីមានហេតុការណ៍ កម្លាំងសមត្ថកិច្ចពីនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ បានដឹកនាំការស៊ើបអង្កេតយ៉ាងរហ័ស។ នៅថ្ងៃទី២៧ ខែមីនា វេលាម៉ោង២៣:២០នាទី កម្លាំងសមត្ថកិច្ចបានសហការជាមួយស្នងការដ្ឋាននគរបាលខេត្តរតនគិរី និងខេត្តកណ្តាល រហូតឃាត់ខ្លួនជនសង្ស័យបាននៅភូមិអូរកន្សែង សង្កាត់បឹងកន្សែង ក្រុងបានលុង ខេត្តរតនគីរី។

ទីតាំងកើតហេតុឃាតកម្ម

ពេលឃាត់ខ្លួន ជនសង្ស័យបានសារភាពថា ខ្លួនពិតជាបានធ្វើសកម្មភាពចាក់សម្លាប់ជនរងគ្រោះ ដោយសារតែខឹងជនរងគ្រោះដែលហាមឃាត់កុំឲ្យខ្លួនស្រែកឡូឡាពេក។

បច្ចុប្បន្ន ជនសង្ស័យត្រូវបាននាំខ្លួនមកកាន់នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ បន្តនីតិវិធីតាមច្បាប់។

អត្ថបទសរសេរដោយ ឃឹម ប៊ុនណាក់
កែសម្រួលដោយ សារ៉ា ចន្ទ

administrator

Related Articles