ទីក្រុងបេរូត៖ អ្នកសារព័ត៌មានចំនួន ៣ នាក់បានបាត់បង់ជីវិតក្នុងការវាយប្រហាររបស់អ៊ីស្រាអែលនៅតំបន់ភាគខាងត្បូងប្រទេសលីបង់ នៅពេលដែលពួកគេកំពុងធ្វើសេចក្ដីរាយការណ៍ពីសង្គ្រាមរវាងអ៊ីស្រាអែល និងក្រុមហេសបូឡា។

តាមសេចក្ដីប្រកាសពីស្ថានីយទូរទស្សន៍ដែលអ្នកសារព័ត៌មានទាំងបីបម្រើការ លោកអាលី សូអេប (Ali Shoeib) អ្នកឆ្លើយឆ្លងព័ត៌មានជើងចាស់របស់ទូរទស្សន៍អាល់ម៉ាណា (al-Manar) បានស្លាប់នៅថ្ងៃសៅរ៍កន្លងមក។ លោកជាអ្នកសារព័ត៌មានដែលបានបម្រើការអស់រយៈពេលជិត ៣ ទសវត្សរ៍។

យោធាអ៊ីស្រាអែលបានប្រកាសថា ខ្លួនបានដាក់ផែនការវាយប្រហារលោកសូអេប ដោយអះអាងថាលោកគឺជាភ្នាក់ងារបង្កប់របស់ក្រុមហេសបូឡា និងបានធ្វើប្រតិបត្តិការជាខ្សែសង្វាក់ដើម្បីស្រាយអាថ៌កំបាំងទីតាំងរបស់អ៊ីស្រាអែលនៅលីបង់ខាងត្បូង។
ទូរទស្សន៍អាល់ម៉ាយ៉ាឌីន (Al-Mayadeen) ដែលមានមូលដ្ឋាននៅទីក្រុងបេរូត បានផ្សាយថា អ្នករាយការណ៍ព័ត៌មានរបស់ខ្លួនឈ្មោះហ្វាទីម៉ា អេហ្វទួនី (Fatima Ftouni) ក៏បានស្លាប់ក្នុងការវាយប្រហារតែមួយនៅស្រុកចេហ្ស៊ីន (Jezzine) ដោយបងប្រុសរបស់អ្នកស្រីដែលជាអ្នកថតរូបក៏បានស្លាប់ផងដែរ។

មន្ត្រីកំពូលៗនៅក្នុងជួររដ្ឋាភិបាលលីបង់បានប្រកាសថ្កោលទោសការវាយប្រហារនេះ ដោយប្រធានាធិបតីលីបង់ចាត់ទុកថានេះជាឧក្រិដ្ឋកម្មយ៉ាងច្បាស់ក្រឡែតដែលរំលោភច្បាប់ និងកិច្ចព្រមព្រៀងទាំងអស់ស្ដីពីការការពារអ្នកសារព័ត៌មាន។
ទូរទស្សន៍អាល់ម៉ាណាបានផ្សាយថា អ៊ីស្រាអែលបានបាញ់តម្រង់ទៅរកអ្នកសារព័ត៌មានជើងចាស់ ដោយយោធាអ៊ីស្រាអែលចោទប្រកាន់ថាលោកសូអេបរក្សាទំនាក់ទំនងជិតស្និទ្ធជាមួយយុទ្ធជនរបស់ក្រុមហេសបូឡា និងចុះផ្សាយញុះញង់ប្រឆាំងនឹងទាហាន និងជនស៊ីវិលអ៊ីស្រាអែល។
ទូរទស្សន៍អាល់ម៉ាណាមិនបានឆ្លើយតបទៅនឹងការចោទប្រកាន់របស់អ៊ីស្រាអែលទេ ប៉ុន្តែទូរទស្សន៍នេះចាត់ទុកអ្នកឆ្លើយឆ្លងព័ត៌មានរបស់ខ្លួនធ្វើសេចក្ដីរាយការណ៍គួរឱ្យជឿទុកចិត្ត៕ ប្រភព៖ អេភី (AP) និងប្រភពដទៃទៀត
